រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណះប្រព័ន្ធនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

  • 569
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើការប្រកាសជូនដំណឹងស្តីពីការផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងក្រុងកំពង់ឆ្នាំងក្នុងបរិវេណសាលាបុណ្យទួលក្រឡាញ់ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមវត្តមាន ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងកំពង់ឆ្នាំង លោកនាយករងចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ដ និងក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ និងប្រជាពលរដ្ឋទាំង០៣ភូមិផងដែរ។

បន្ទាប់ពីលោក យិន សាវ៉េន អភិបាលក្រុងធ្វើសេចក្តីរាយការណ៍ពីស្ថានភាពភូមិសាស្រ្តសង្កាត់កំពង់ឆ្នាំងរួចមក លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយករងចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានបញ្ជាក់ពីភូមិចំនួន០៣ ត្រូវធ្វើការផ្សព្វផ្សាយជាតំបន់វិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ គឺភូមិ ស្រែព្រីង ភូមិទួលក្រឡាញ់ និងភូមិឡទឹកត្រី ។ ប្រជាពលរដ្ឋដែលមានដីស្ថិតក្នុងតំបន់ប្រកាសវិនិច្ឆ័យទាំង០៣ភូមិ ត្រូវភ្ជាប់មកនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម ដើម្បីចូលរួមសហការជាមួយមន្ត្រីជំនាញអនុវត្តកម្មវិធីដីធ្លីរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តដើម្បីឱ្យដំណើរការវាស់វែងបានឆាប់រហ័ស។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សាន់ យូ បានកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លីខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចធ្វើឲ្យសម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់។ ការបិទផ្សាយជាសាធារណៈនេះពិតជា មានសារៈសំខាន់ណាស់ ដើម្បីទុកឱកាសឲ្យម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនមុននឹងចេញប័ណ្ណកម្មសិទ្ធិដើម្បីជៀសវាងកុំឲ្យមានកំហុសឆ្គងទិន្នន័យដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញប័ណ្ណកម្មសិទ្ធិនេះ មិនងាយស្រួលក្នុងការកែប្រែ ទិន្នន័យនោះឡើយ។ ឯកឧត្តម សាន់ យូ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវនាំយកឯកសារពាក់ព័ន្ធផ្សេងៗដើម្បីពិនិត្យ ឈ្មោះបញ្ជីក្បាលដីរបស់ខ្លួនជៀសវាងការមាន កំហុសឆ្គងក្នុងការចេញប័ណ្ណកម្មសិទ្ធិ ៕

អត្ថបទទាក់ទង