កំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្នុងទិវាខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ"ស្រ្តី និងការអភិវឌ្ឍក្នងបរិការណ៍កូវីដ១៩" នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។
លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថាៈ បងប្អូនស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដូចនេះសូមបងប្អូនស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍នូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិ។ ប្រធានបទឆ្នាំ២០២១នេះគឺ"ស្ត្រី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩" ក្នុងគោលបំណងបន្តរំលេចពីតម្លៃស្រ្តី នៃសមភាពយេនឌ័រដែល រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងគាំទ្រ ជម្រុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាពឋានៈ តួនាទីរបស់ស្ត្រី និងសុខុមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាព និងសមត្ថភាព។
ចុងបញ្ចប់លោកជំទាវ ប៊ន សុភី លោកជំទាវ ឈឹម ស្រីមុំ និងលោក លី សុភា បានចែកជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកា ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដល់មន្រ្តីជានារី ចំនួន ២៧ នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន ០១ និងថវិកាចំនួន ២០ ម៉ឺនរៀល និងចែក សម្ភារ ថវិការបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ជូនដល់មន្ត្រីរាជការជានារីចំនួន ៣៨ នាក់ ផងដែរ ៕