រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីជួរមុខ មន្ត្រីជួរក្រោយជាស្ត្រី និងនិស្សិតស្មគ្រចិត្តនៃវិទ្យាស្ថានប្រាយហូប ក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវានារីអន្តរជាតិ ៨មីនា ២០២១ ក្រោមប្រធានបទ” ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩”

  • 656
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង រៀបចំពិធីសំណេះ សំណាលជាមួយមន្ត្រីជួរមុខ និងជួរក្រោយជាស្ត្រី និស្សិតស្មគ្រចិត្តនៃវិទ្យាស្ថានប្រាយហូប ក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវានារីអន្តរជាតិ ៨មីនា ២០២១ក្រោមប្រធានបទ" ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩" ក្រោមអធិបតីភាពលោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពីលោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ លោកស្រី ផល នីវៀរ៉ា អនុប្រធានអង្គភាព និងលោក ប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ។

លោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ បានបញ្ជាក់ថា ចាប់តាំងពីការដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តមកទល់ពេលនេះគឺមានរយ:ពេលជាង២ឆ្នាំ ដែលមានមន្ត្រីជួរក្រោយនៃវិស័យជំនាញ១៣ វិស័យ ហើយក៏មានប្រជាពលបានមកស្នើសុំសេវាមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ លោកប្រធានអង្គភាព បានបន្តទៀតថា ដោយសារការស្នើសុំសេវាមានចំនួនច្រើន និងដើម្បីជម្រុញការងារការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា អង្គភាពច្រកចេញចូលតែមួយ បានសម្រេចជ្រើសរើសនិស្សិតស្មគ្រចិត្តដែលអាចឆ្លៀតពេល ឬមានពេលវេលាគ្រប់គ្រាន់ដើម្បីជួយបំពេញការងារក្នុងអង្គភាពយើងនេះ។

លោកបានគូសបញ្ជាក់បន្ថែមថា និស្សិតស្ម័គ្រចិត្ត ដែលបានមកជួយបំពេញការងារ ឬចុះកម្មសិក្សានៅអង្គភាពច្រកចេញចូលតែមួយ គឺមកពីវិទ្យាស្ថានប្រាយហូបដែលមានចំនួនបីលើក ដោយលើកទី១ និងលើកទី២គឺជួយការងារលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ដោយឡែកលើកទី៣នេះ គឺជួយការងារលើវិស័យផ្សេងៗ តែភាគច្រើនទទួលជួយការងារវិស័យកសិកម្ម(សេវាពិនិត្យ អនាម័យនិងពិឃាតសត្វ) និងវិស័យរៀបចំដែនដី(ការចុះបញ្ជីដីមានលក្ខណ:ជាប្រព័ន្ធ)ពាក់ព័ន្ធនឹងការបញ្ចូលទិន្នន័យចូលក្នុងកម្មវិធីព័ត៌មានវិទ្យា។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាសផងដែរ។ ជាមួយគ្នានោះ លោកនាយករដ្ឋបាល ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្មួយៗនិស្សិតស្មគ្រចិត្តដែលបានឆ្លៀតពេលមកជួយបំពេញការងារនៅអង្គភាពច្រកចេញចូលតែមួយ។

ជាកិច្ចបញ្ចប់កម្មវិធី លោក អ៊ុនសុផល នាយករដ្ឋបាលសាលាខេត្ត ក៏បានប្រគល់លិខិតបញ្ជាក់កម្មសិក្សាជូននិស្សិតស្មគ្រចិត្តនៃវិទ្យាស្ថានប្រាយហូប និងវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីជួរមុខ មន្ត្រីជួរក្រោយជាស្ត្រី និងនិស្សិតស្មគ្រចិត្ត ៕

អត្ថបទទាក់ទង