កំពង់ឆ្នាំង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះមានករណីបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ" តារាបញ្ញា អចនទ្រព្យ" ជាបន្តបន្ទាប់អំពីគម្រោងដីឡូតិ៍ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តាមការពិនិត្យលើវីដេអូផ្សព្វផ្សាយនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង សូមបញ្ជាក់ជូនថាៈ
-គំរោងដីឡូ ឬ ការអភិវឌ្ឍដីដែលកំពុងផ្សព្វផ្សាយសម្រាប់ធ្វើអាជីវកម្មនេះ ពុំមានសុំលិខិតអនុញ្ញាតត្រឹមត្រូវស្របតាមប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/ន៍ក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះទេ។
-ទីតាំងដីឡូតិ៍ដែលបានធ្វើការផ្សព្វផ្សាយធ្វើអាជីវកម្មក្នុងបណ្ដាញទំនាក់ទំនងសង្គមខាងលើនេះពុំទាន់មានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ទេ។
-ទីតាំងនេះស្ថិតក្នុងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប និងសារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន កុំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមានបញ្ហាទំនាស់ផ្សេងៗកើតឡើងដោយសារតែការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់ ៕