រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

  • 381
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយសមាជិកគណៈកម្មាធិការសាខា និងសមាជិក សមាជិកាស្រុកបរិបូណ៌ បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម អម សុភា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តតាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។

ឯកឧត្ដម អម សុភា បានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ និង ២ចូលរួម ។

ក្នុងឱកាសឯកឧត្ដម ក៏បានចែកជូននូវសាប៊ូ និងជែល ដល់ប្រជាពលរដ្ឋដែលបានមកចូលរួម ក្នុងម្នាក់ទទួលបាន សាប៊ូ ១ដុំ និងជែលសម្រាប់លាងដៃ ១ដបតូច ៕

អត្ថបទទាក់ទង