រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានទទួលអំណោយពី ព្រះសង្ឃ និងសប្បុរសជន

  • 299
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ព្រះគ្រូឆន្ទៈរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងក្រុមការងារ បាននិមន្តនាំយកអំណោយរបស់សប្បុរសជនជូនលោកតា លោកយាយ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដែលជាគ្រួសារក្រីក្រប្រភេទ១។ ដោយមានការចូលរួមពីលោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ជា ម៉ៅ អភិបាលរងស្រុក រួមជាមួយនឹងអាជ្ញាធរឃុំ ភូមិ។

ព្រះគ្រូឆន្ទៈរតនមុនី សរ បញ្ញាឫទ្ធិ បានមានសង្ឃដីកាថាៈ ក្នុងគ្រាដ៏លំបាកនេះថ្នាក់ដឹកនាំ ក៏ដូចជាសប្បុរសជន ដែលបានរួមគ្នាចូលរួមជាថវិកា ដែលតែងតែយកចិត្តទុក្ខដាក់គិតគូរដល់សុខទុក្ខរបស់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះទោះនៅទីណាក៏ដោយ។ ឆ្លៀតក្នុងឱកាសនោះព្រះអង្គ ក៏បានថ្លែងអំណរគុណដល់ទឹកចិត្តសទ្ធាជ្រះថ្លារបស់បងស្រី ស៊ុន្ទរី នួន ហៅស្រីអូន និងស្វាមី រ័ត្ន ឈាង ប្រធានក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានប្រគេនចង្ហាន់ព្រះសង្ឃ និងជួយឧបត្ថម្ភដល់លោកតា លោកយាយ។

ក្នុងឱកាសនោះ លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងនូវការអរគុណដល់ព្រះគ្រូឆន្ទៈរតនមុនី សរ បញ្ញាឫទ្ធិ ព្រមទាំងសប្បុរសជនដែលបាននិមន្តនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាជួយដល់លោកតា លោកយាយក្នុងគ្រាលំបាកនេះ។ លោកក៏បានធ្វើការអំពាវនាវដល់សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។

អំណោយដែលបាននាំយកទៅផ្ដល់ជូន រួមមាន: អង្ករ ១៥០គីឡូក្រាម, មី ៥កេស, ត្រីខ ០៥យួរ, មីសួរ ២ប្រអប់, ទឹកត្រី ៣យួរ, ទឹកស៊ីអីវ ៣យួរ, ភេសជ្ជៈ ២កេះ, ប្រេងឆា ១ដបធំ, អំបិល ២គីឡូក្រាម, ប៊ីចេង ១គីឡូក្រាម, ម្សៅស៊ុបខ្នរ ១ដុំ, ម្សៅម្រេច ១កញ្ចប់, ខ្ទឹមសរ ១គីឡូក្រាម, សាប៊ូម្សៅ ១ថង់ធំ, ត្រីងៀត ២គីឡូក្រាម, ពងទាប្រៃ ២០គ្រាប់, មុង ១, កន្ទេល ១, ភួយ ២, ខោអាវតាយាយ ២សម្រាប់ និងថវិកាចំនួន ២,៥០០,០០០រៀល ៕

អត្ថបទទាក់ទង