រលាប្អៀរ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ស្រុករលាប្អៀរ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគជូនរដ្ឋបាល ឃុំអណ្ដូងស្នាយ ដើម្បីត្រៀមចែកជូនគ្រួសារងាយរងគ្រោះខ្វះស្បៀង ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឬរងគ្រោះដោយគ្រោះធម្មជាតិ ដោយមានការចូលរួមពីលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ។
ក្នុងឱកាសនោះលោក ឌឹម ឌន ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការដល់អាជ្ញាធរឃុំ ដើម្បីចូលរួមអំពាវនាវដល់លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។
អំណោយជាគ្រឿងឧបភោគ បរិភោគរួមមាន៖អង្ករ ៥០០ គីឡូក្រាមមីខ្លាឃ្មុំ និងមីម៉ាម៉ាចំនួន ១០ កេះ ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកបរិសុទ្ធ ១០ កេះ និងម៉ាស់ ២០ ប្រអប់ ៕