រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យ តាមដាន និងពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ដល់ម្ចាស់រោងចក្រ ធី អេស ជី ខេមបូឌា ហ្គាមេននិងរោងចក្រតឹកហ្វុកនៅក្នុងស្រុកកំពង់ត្រឡាច

  • 187
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោកសោម ស៊ីណាតប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត អ្នកពាក់ព័ន្ធ និងអាជ្ញាធរអញ្ជើញចុះពិនិត្យ តាមដាន និងពង្រឹងអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ម្ចាស់រោងកាត់ដេរ ភី អេស ជី ខេមបូឌា ហ្គាមេន និង រោងចក្រតឹកហ្វុក ស្ថិតនៅក្នុងភូមិអន្លុងត្នោតឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ថា ការអនុវត្តត្រឹមត្រូវស្របតាមវិធានការនានាដែលបានណែនាំ អប់រំ និងផ្សព្វផ្សាយដោយក្រសួងសុខាភិបាល មានដូចជាពាក់ម៉ាស់ ការលាងសំអាតដៃជាមួយនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ ការក្សាគំលាតសុវត្ថិភាព គឺពិតជាអាចការពារ និងទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ១៩នេះ ប្រកបដោយប្រសិទ្ធភាព ។ លោកវេជ្ជបណ្ឌិត បានជម្រុញបន្ថែម ដល់ម្ចាស់រោងចក្រត្រូវមានការតាមដានចំពោះកម្មករ កម្មការិនី និងជួយជម្រុញអោយពួកគាត់ធ្វើតេស្តរហ័ស( Rapid Test ) ដោយផ្ទាល់ពីម្ចាស់រោងចក្រសហគ្រាស ដោយមានការចូលរួមបណ្តុះបណ្តាលពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះពិនិត្យតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃចុះការអប់រំ ផ្សព្វផ្សាយ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលនានា ដែលកន្លងមកក្រុមការងារខេត្តដែលមានឯកឧត្តមផ្ទាល់ បានចុះអប់រំ ផ្សព្វផ្សាយកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តារោងចក្រ សហគ្រាសមួយចំនួន ដល់កម្មករ និយោជក និយោជិត សហជីពនិង អជ្ញាធរមូលដ្ឋាន។

ឯកឧត្តម បានមានប្រសាសន៍បន្ដទៀតថា ជាការកត់សំគាល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្ត និងពុំទាន់ឃើញមានការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រ សហគ្រាស ដែលបានអប់រំ ផ្សព្វផ្សាយនោះទេ គឺមានស្ថានភាពប្រក្រតីឡើងវិញ។ ឯកឧត្តម ក៏បានអំពាវនាវបន្ថែមទៀតដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តការខិតខំអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ឲ្យបានម៉ឹងម៉ាត់ និងខ្ជាប់ខ្ជួនជានិច្ច ។

អត្ថបទទាក់ទង