រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការចាក់វ៉ាកសាំងដូសទី៣ ឬដូសជម្រុញ ដល់មន្ត្រីរាជការជួរមុខ ក្នុងសាលាខេត្តកំពង់ឆ្នាំង ជាង១០០នាក់

  • 255
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់មន្ត្រីរាជការសាលា
ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដូសទី៣ Astra Zeneca ជូនដល់មន្ត្រីរាជការក្នុងសាលាខេត្ត នាពេលនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ព្រោះថា មន្ត្រីរាជការក្នុងសាលាខេត្ត ក៏មានភារកិច្ចជួរមុខធ្វើការងារបម្រើសេវាកម្មជូនប្រជាពលរដ្ឋផងដែរ ដូច្ន្នេះត្រូវតែមានសុខភាពល្អដើម្បីធ្វើការងារជូនសង្គមជាតិ។

ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ថ្ងៃនេះអ្នកដែលត្រូវចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជម្រុញ ក្រៅពីឯកឧត្តម មានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងសមាជិកក្រុម ប្រឹក្សាខេត្ត និងក្រុមគ្រួសារ មន្ត្រីរាជការសាលាខេត្ត និងក្រុមគ្រួសារ និងមន្ត្រីតាមស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ វិធានការនៃការចាក់វ៉ាក់សាំងដូសទី៣ នាពេលនេះ គឺអនុវត្តន៍ តាមអនុសាសន៍ ដ៏ខ្ពងខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការចាក់វ៉ាក់សាំងដូសទី៣ ឬដុសជម្រុញ Astra Zeneca ជូនដល់កងទ័ពជួរមុខ មន្ត្រីរាជការ និងមន្ត្រីសាធារណៈជួរមុខផ្សេងទៀតផងដែរ។

ជួសមុខឱ្យកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនៅក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ និងសុខភាពរបស់មន្ត្រីរាជការជួរមុខរបស់យើងដែលបានអនុញ្ញាតឱ្យបានចាក់វ៉ាក់សាំងដូសទី៣នេះ ដើម្បីពង្រឹងសមត្ថភាពធ្វើការងារបម្រើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត សូមយកចិត្តទុកដាក់ថែរក្សាអនាម័យ និងអនុវត្តនូវវិធានការ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន ទោះបីបានទទួលការវ៉ាក់សាំងចាប់ពីដូសទី១ ឬទី២ និងដុសទី៣ ក៏ដោយ ៕

អត្ថបទទាក់ទង