រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីពិធីបិទការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្ត សិស្សបឋមសិក្សានិងមធ្យមសិក្សា ឆ្នាំសិក្សា ២០២២-២០២៣

  • 175
  • ដោយ taravong

កំពង់ឆ្នាំង: ព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទការប្រកួតកីឡាសិស្ស បឋមសិក្សា និង មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២-២០២៣ ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ។

លោកស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការប្រកួតក្នុងរយៈពេលកន្លងមកនេះ ក្រុមកីឡាករ កីឡាការិនី និង គណ:កម្មការរៀបចំការប្រកួតបានយកអស់នូវស្មារតី កម្លាំងកាយកម្លាំងចិត្ត ធ្វើអោយដំណើរការនៃការប្រកួតកីឡាសិស្សនាឆ្នាំនេះជ្រើសរើសបានជើងឯក សម្រាប់យកទៅប្រកួតថ្នាក់ជាតិនាពេលខាងមុខ ។

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានឱ្យដឹងបន្តទៀតថា ចំពោះដំណើរការប្រកួតនៅពេលនេះ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល មានសមាសភាព ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុបចំនួន១,៧៦០នាក់ ស្រីចំនួន ៨១៣នាក់ ក្នុងនោះមានសមាសភាព កីឡាករ កីឡាការិនី សិស្សបឋមសិក្សាមានកីឡាករ-កីឡាការិនី ចំនួន ៦៧២នាក់ ស្រីចំនួន ៣២៤នាក់ ។ សិស្សមធ្យមសិក្សាមានកីឡាករ-កីឡាការិនី ចំនួន ៧៨៤នាក់ ស្រីចំនួន ៣៩២នាក់ សរុបកីឡាករ-កីឡាការិនីមានចំនួន១៤៥៦នាក់ ស្រីមានចំនួន ៧១៦នាក់ ។ ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៊ូល និងប៉េតង់ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណង បំផុសការចូលរួមសកម្មភាពអប់រំកាយ និងកីឡាកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងជួយឲ្យសិស្សមានសុខភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម និងលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ។ ជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមបន្ថែមថា ការហ្វឹកហាត់អប់រំកាយ និង កីឡា គឺជាសកម្មភាពមិនអាចខ្វះបានក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និង ធនធានមនុស្ស ។ កីឡាបានរួមចំណែក បំបាត់អំពើហឹង្សា និង ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ។ លើកស្ទួយសន្តិភាព ស្ថិរភាពសង្គម បច្ចុប្បន្នប្រទេសនៅលើសាកលលោក បានចាត់ទុកថា វិស័យកីឡាជាឧស្សាហកម្មដ៏មានសក្តានុពល ក្នុងវិស័យសេដ្ឋកិច្ច ដែលផ្តោតសំខាន់គឺសុខមាលភាព និង មិត្តភាព ។

អត្ថបទទាក់ទង