រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអំពីតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងនីតិវិធីរួមសម្រាប់អនុវត្តប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)

  • 290
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអំពីតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងនីតិវិធីរួមសម្រាប់អនុវត្តប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃគណ:កម្មាធិការ ប.ស.ប.ក និងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការប.ស.ប.ក, ឯកឧត្តមអម សុភា និងឯកឧត្តមពេជ្រ កែវមុនី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំ ក៏មានអញ្ជើញចូលរួមពីតំណាងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នាយករងរដ្ឋបាលសាលាខេត្ត, មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត, អភិបាលរងក្រុង ស្រុកទាំង៨, ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត,លោក លោកស្រីប្រធានការិយាល័យកសិកម្មក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងស្មៀន ឃុំ សង្កាត់ទូទាំងខេត្តសរុប១៦៦នាក់។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានគូសបញ្ជាក់ថានៅក្នុងដំណើរការនៃការងារផ្ដល់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់ទាំងពីរលើកកន្លងមកនេះ រដ្ឋបាលខេត្ត ដែលមានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ទទួលបន្ទុកសម្របសម្រួល និងដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺបានយកចិត្តទុកដាក់អនុវត្តត្រឹមត្រូវតាមនីតិវិធីរបស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីផ្ដល់ពូជស្រូវបានដល់កសិកររងគ្រោះ ដែលមានតម្រូវការ និងលទ្ធភាពអាចស្ដារឡើងវិញបាន។

មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តម វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃគណ:កម្មាធិការ ប.ស.ប.ក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ថ្នាក់ដឹកនាំឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងទម្រង់ការឆ្លើយតបបន្ទាន់ពាក់ព័ន្ធនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នងពេលមានគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង និងគ្រោះឧបទ្ទវហេតុណាមួយកើតឡើង។

ជាមួយគ្នានេះដែរ ក្រោមម្លប់នៃសន្ដិភាព រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងដោយមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងប្រព័ន្ធស្បៀងបម្រុងកម្ពុជាជាសេនាធិការ ដែលជានិច្ចកាលតែងបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់រដ្ឋបាលខេត្ត ក្នុងការងារត្រៀមបង្ការ ឆ្លើយតប និងស្ដារឡើងវិញនៃគ្រោះមហន្តរាយ ជាពិសេស ការផ្ដល់ពូជស្រូវ ពូជដំណាំដល់កសិកររងគ្រោះ រួមទាំងបច្ចេកទេសដាំដុះ ដែលបានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។

បន្ថែមពីនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញឲ្យអាជ្ញាធរក្រុង ស្រុក ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវក្ដាប់ឲ្យបានច្បាស់លាស់នូវទិន្នន័យប្រជាសាស្ត្រ, ភូមិសាស្ត្រ និងផលដំណាំដែលរងគ្រោះដោយគ្រោះមហន្តរាយជំនន់ទឺកភ្លៀង និងជំនន់ទន្លេ។ ដោយហេតុថា ការផ្ដល់ទិន្នន័យមិនច្បាស់លាស់ នឹងមានផលលំបាកដល់ការសម្រេចចិត្តរូមរបស់ថ្នាក់ដឹកនាំ ហើយអាចនឹងមានប្រតិកម្មផ្សេងៗពីសំណាក់ប្រជាពលរដ្ឋផ្សេងៗផងដែរ។ ការធ្វើវាតែងមានកំហុសភ្លាំងភ្លាត់ចៀសមិនផុត តិចឬច្រើន តែទោះយ៉ាងណា សូមជួយកែតម្រូវ កែប្រែដោយក្ដាប់ឲ្យបាននូវព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ ដើម្បីជាមូលដ្ឋានដល់ថ្នាក់ដឹកនាំធ្វើសម្រេចចិត្តធានាថាការដោះស្រាយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានទំនុកចិត្ត។

សូមបញ្ជាក់ថា កិច្ចប្រជុំបាន ៖ផ្សព្វផ្សាយអំពីធនធនារបស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា, ការប្រើប្រាស់ធនធានរបស់ប្រពន្ធស្បៀងបម្រុងកម្ពុជា, សិទ្ធិសម្រេចក្នុងការបញ្ចេញធនធានរបស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា, តួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងក្របខ័ណ្ឌប.ស.ប.ក និងនីតិវិធីរួមសម្រាប់អនុវត្តប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ការស្នើសុំ និងការចែកស្បៀង, ការស្នើសុំ និងការចែកគ្រាប់ពូជដំណាំង)។ ក្នុងនោះក៏មានចូលរួមផ្ដល់យោបល់កែលំអ លើសេចក្ដីព្រាងតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងនីតិរួមសម្រាប់អនុវត្តប្រព័ន្ធស្បៀងបម្រុងកម្ពុជាពីសំណាក់ឃុំ សង្កាត់។

អត្ថបទទាក់ទង