រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាស្តីពីភាពជាដៃគូ រវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងអង្គការសង្គមស៊ីវិល

  • 561
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាស្តីពីភាពជាដៃគូ រវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងអង្គការសង្គមស៊ីវិល ឯកឧត្តមផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អង្គការ សមាគម និងសហគមន៍សរុប១៤៥នាក់។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត មានប្រសាសន៍ថា បញ្ហាប្រឈមត្រូវយកចិត្តទុកដាក់ និងចាត់វិធានការដោះស្រាយទាំងក្នុងរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក។ ការដោះស្រាយបញ្ហាមិនចាំបាច់ទាល់តែមានការលើកឡើងក្នុងវេទិកាប៉ុណ្ណោះទេ បើមានធុរៈជាមួយមន្ទីរ អង្គភាពណា ជជែកជាមួយមន្ទីរ អង្គភាពនោះទៅដោយមិនស្ថិតក្នុងក្របខណ្ឌនៃពេលវេលា ធ្វើយ៉ាងណាឱ្យការងារប្រព្រឹត្តទៅយ៉ាងរលូនដើម្បីលើកកំពស់ការយល់ដឹង និងជីវភាពរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងដែរថា ការទាមទារចង់បាន ក៏ត្រូវពិនិត្យមើលឱ្យបានជាក់លាក់ដែរថា ការទាមទារនោះស្ថិតនៅក្នុងរង្វង់ច្បាប់បានកំណត់ដែរឬទេ? បើស្ថិតនៅ ក្នុងរង្វង់ច្បាប់ ត្រូវចាត់វិធានការដោះស្រាយជាបន្ទាន់ តែបើមិនស្ថិតក្នុងរង្វង់ច្បាប់គឺមិនអនុញ្ញាតជាដាច់ខាត។ព្រមគ្នានោះដែរ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអង្គការ សមាគម និងសហគមន៍ដែលបានចំណាយពេលវេលា បញ្ញាញាណ និងធនធានជួយបណ្ដុះបណ្ដាល និងជួយគាំទ្រដល់ប្រជាពលរដ្ឋ និងចូលរួមប្រឹងប្រែងបន្ដទៀតដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានអំពាវនាវបន្ថែមទៀត ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសហការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់សមាគម អង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងការធ្វើសកម្មភាពដោយសេរី គ្មានការគំរាមកំហែង និងមិនលំអៀង ស្របតាមច្បាប់ស្តីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន។

ទន្ទឹមនឹងនោះ ឯកឧត្តម បាន ស្នើដល់តំណាងសមាគម អង្គការសង្គមស៊ីវិលទាំងអស់ដែលមានវត្តមាននៅទីនេះ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន និងអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន ដោយមិនត្រូវរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ភេទ ពណ៌សម្បុរ ឬ សាសនាណាមួយឡើយ និងត្រូវប្រកាន់ជំហរអព្យាក្រឹត្យចំពោះគ្រប់គណបក្សនយោបាយ ដែលធ្វើសកម្មភាពស្របតាមច្បាប់ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍សង្គមនាពេលបច្ចុប្បន្ន ក្នុងគោលបំណងពង្រឹងនីតិរដ្ឋ នៅកម្ពុជាឲ្យកាន់តែរឹងមាំរុងរឿង ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។
គូសបញ្ជាក់ថា៖ នៅក្នុងវេទិកានោះ ក៏មានការលើកឡើងជាសំណួរ និងបញ្ហាប្រឈមផ្សេងៗពីសំណាក់អង្គការសង្គមស៊ីវិល ដោយឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ជាវាគ្មិនស្រាយបំភ្លឺ និងទទួលយកសំណើដើម្បីចាត់វិធានការដោះស្រាយ។

អត្ថបទទាក់ទង