រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅបន្ត

  • 706
  • ដោយ taravong

នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ លោកគ្រូ អ្នកគ្រូដែលបានខិតខំបំពេញតួនាទីរបស់ខ្លួនសម្រេចបានលទ្ធផលល្អក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ បន្តបង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅគ្រប់កម្រិតឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេសពង្រឹងលើគ្រប់ការប្រឡងទាំងអស់ មិនថាប្រចាំខែ ត្រីមាសឆមាស ដើម្បីធ្វើយ៉ាងណាអោយសិស្សពង្រឹងសមត្ថភាពចំណេះដឹង ជំនាញទន់ ចំណេះដឹងភាសាបរទេស ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុង
ការចូលរួមប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិ ទទួលបានជោគជ័យ និង បន្តទៅបរិញ្ញាបត្រខាងមុខទៀត។ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្តពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ទប់ស្កាត់គ្រប់សកម្មភាពអសកម្មរបស់សិស្ស បញ្ជ្រាបការងារអនាម័យ បរិស្ថាន ថែទាំដាំដើមឈើ ធ្វើយ៉ាងណាអោយសិស្សានុសិស្សលេងកីឡាអោយបានគ្រប់ៗគ្នា និងត្រូវបន្តជំរុញការសិក្សាតាមប្រព័ន្ធ STEM ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង ដើម្បីពង្រឹងសមត្ថភាពសិស្សឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានប្រគល់ប័ណ្ណសរសើរជូនលោកគ្រូ អ្នកគ្រូ និងនាយកសាលា ដែលមានស្នាដៃល្អក្នុងការបង្ហាត់បង្រៀនសិស្ស និងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងារក្នុងសាលារៀន។

ព្រមជាមួយនោះ ឯកឧត្ដមអភិបាលខេត្តក៏បានអញ្ជើញទស្សនាពិពរ័ណ៍ស្នាដៃសិស្សមកពីវិទ្យាល័យនានាទូទាំងខេត្ត និងការបង្ហាញការស្រាវជ្រាវ ច្នៃប្រឌិតបង្កើតប្រព័ន្ធស្វ័យប្រវត្តិដែលជារបកគំហើញថ្មីៗ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្មួយៗសិស្សានុសិស្សផងដែរ។

អត្ថបទទាក់ទង