រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៩និងលើកទិសដៅបន្តឆ្នាំ២០២០

  • 817
  • ដោយ taravong

កំពង់ឆ្នាំងៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និង លើកទិសដៅការងារ២០២០ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើងកាលពីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
ឯកឧត្ដមឈួរ ច័ន្ទឌឿន បានអោយដឹងថាៈក្នុងឆ្នាំ២០១៩កន្លងទៅ ទូទាំងខេត្តក៏បានទទួលរងគ្រោះមហន្តរាយជាច្រើនផងដែរ ដោយរងគ្រោះដោយគ្រោះធម្មជាតិ និង រងគ្រោះដោយគ្រោះឧបទ្ទវហេតុផ្សេងៗ បង្កអោយខូចខាតបាត់បង់ទ្រព្យសម្បត្តិ និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សផងដែរ ។ គ្រោះថ្នាក់ដែលបង្កអោយមនុស្សស្លាប់ច្រើនជាងគេ នៅភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង គឺករណីលង់ទឹក ដែលធ្វើអោយមានការព្រួយបារម្ភជាខ្លាំងសម្រាប់ករណីនេះ ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្តថាៈ ដោយបានការជួយអន្តរាគមន៍ទាំងស្មារតី សម្ភារៈថវិកាពី សម្តេចតេជោ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំណោយពីកាកបាទក្រហមកម្ពុជា អង្គការជាដៃគូ និងក្រុម ការងារក៏ដូចជាសប្បុរសជន ធ្វើអោយខេត្តមានលទ្ធភាពឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានជួយដោះស្រាយសម្រួលជីវភាពបងប្អូនអតីតយុទ្ធជនដែលជួបការលំបាកបានល្អផងដែរ ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម បានសម្តែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះ
មហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំជួយសង្គ្រោះលើកិច្ចការងារនេះ ដោយបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើង ខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រុញអោយ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តពង្រឹងសមត្ថភាពដើម្បីត្រៀមដោះស្រាយគ្រោះមហន្តរាយដែលកើតមាន ពិសេសគ្រោះរាំងស្ងួតក្នុងរដូវប្រាំងនេះ ខិតខំកសាង និងធ្វើអោយប្រសើរឡើង ទីទួលសុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានធ្វើការណែនាំដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នាត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង