រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រគល់ និងទទួលសម្ភារ ស្បៀងអាហារបម្រុងដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ផ្គត់ផ្គង់ដល់វត្តអារាម និងប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង០៩ដើម្បីប្រើប្រាស់

  • 675
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១រោច ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយសមាជិក សមាជិកា ក្រុមការងារ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងការិយាល័យជុំវិញស្រុក មន្ត្រីរដ្ឋបាលស្រុក រួមជាមួយតំណាងក្រុមប្រឹក្សាឃុំទាំងប្រាំបួន។

ក្នុងពិធីជួបសំណេះសំណាលក៏មានការរៀបចំពិធីប្រគល់ និងទទួលនូវសម្ភារ និងស្បៀងអាហារបម្រុងដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ ដើម្បីរក្សាទុកប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់វត្តអារាម និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃឃុំទាំង០៩ របស់ស្រុកសាមគ្គីមានជ័យ ដែលមានការខ្វះខាតស្បៀងអាហារនៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលខាងមុខ ពិសេសនៅក្នុងកាលៈទេសៈនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នោះផងដែរ ពិធីប្រារព្ធនៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ។

សម្ភារ និងស្បៀងអាហារបម្រុងដែលត្រូវប្រគល់ និងទទួលនៅពេលនោះរួមមាន៖ អង្ករចំនួន ៣,៥០០ គីឡូក្រាម, មីជាតិចំនួន ៥៤ កេសតូច, ទឹកស៊ីអ៊ីវចំនួន ៣០០ ដប, ទឹកត្រីចំនួន ៣០០ ដប, ត្រីខកំប៉ុងចំនួន ១០០០ កំប៉ុង, សាប៊ូលុចចំនួន ១៤៤០ ដុំ, អំបិលចំនួន ១០០ គីឡូក្រាម, ថវិកាចំនួន ២,០០០,០០០ រៀល។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បានធ្វើការណែនាំ និងបាន ផ្តាំផ្ញើដល់អាជ្ញាធរ ក៏ដូចជាក្រុមការងារ សូមចុះផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុសថ្មី តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។ ជាពិសេសសូមធ្វើការណែនាំដល់ពលករដែលចំណាកស្រុកពីក្រៅប្រទេសដែលទើបតែវិលត្រឡប់មកស្រុកកំណើតវិញឱ្យរស់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន ឬនៅឱ្យឆ្ងាយពីសាច់ញាតិចំនួន ២ម៉ែត្រ។ 📲សម្រាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ៕

អត្ថបទទាក់ទង