រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង នាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋមកពី៤សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង

  • 760
  • ដោយ taravong

កំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បាននាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង មកពី៤សង្កាត់ រួមមាន៖ សង្កាត់ប្អេរ សង្កាត់ខ្សាម សង្កាត់ផ្សារឆ្នាំង និងសង្កាត់កំពង់ឆ្នាំង សរុបចំនួន៥២គ្រួសារ ដែលជាចាស់ជរាឥតទីពឹង គ្រួសារងាយរងគ្រោះ។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាល រងខេត្ត លោក លោកស្រីគណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត រួមនិងប្រធានមូនិធិសប្បុរសជននានា ប្រារព្ធពិធីនៅភូមិទី៤ សង្កាត់ខ្សាម នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។

មានមតិសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ លោកជំទាវ ក៏បានបញ្ជាក់ជូនពីការវិវត្តរបស់ជំងឺកូវីដ១៩ តាមការប្រកាសរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ហើយមានរលកទី២ជាបន្តទៀត ហើយជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ។

លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ក្នុងឱកាសនោះលោកជំទាវក៏បាន កោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស ការធ្វើចត្តឡីស័កឱ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង៥២គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ១០គីឡូក្រាម អំបិល១កញ្ចប់ ស្ករស ១កញ្ចប់ សាប៊ូ១ដុំ ៕

អត្ថបទទាក់ទង