រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពីលទ្ធផលអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រតាមជុំប្រមូលទិន្នន័យឆ្នាំ២០១៩ និងតាមការស្នើសុំក្នុងកំឡុងពេលកូវីដ-១៩ និងការណែនាំអំពី ការប្រគល់ប័ណ្ណសមធម៌សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រតាមភូមិ

  • 483
  • ដោយ taravong

រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង គណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តបានរៀបចំកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពីលទ្ធផលអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រតាមជុំប្រមូលទិន្នន័យឆ្នាំ២០១៩ និងតាមការស្នើសុំក្នុងកំឡុងពេលកូវីដ-១៩ និងការណែនាំអំពី ការប្រគល់ប័ណ្ណសមធម៌សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រតាមភូមិ ក្រោមអធិបតីភាពឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ប្រធានមន្ទីរផែនការខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្ដ្រីបច្ចេកទេសនៃលេខាធិការដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត ។

ឯកឧត្ដមអភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំងកន្លងមក ហើយពេលនេះយើងប្រជុំផ្សព្វផ្សាយលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលលទ្ធផលបានបង្ហាញថាគ្រួសារក្រីក្រ នៅខេត្តកំពង់ឆ្នាំង មានចំនួន ២៦ ៣៧០គ្រួសារ ដែលក្នុងនោះគ្រួសារក្រីក្រ១ មានចំនួន ១០ ៨២៨គ្រួសារ និងគ្រួសារក្រីក្រកម្រិត២ មាន ១៥ ៥៤២គ្រួសារ ហើយនៅពេលខាងមុខនេះអាជ្ញាធរមូលដ្ឋាននឹងត្រូវយកប័ណ្ណសមធម៌ចែកជូនប្រជាជនដែលជាគ្រួសារ ក្រីក្រពិតប្រាកដនៅតាមភូមិ ហើយ ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានប្រើប្រាស់សម្រាប់អន្តរាគមន៍ និងគោលនយោបាយនានាជាពិសេស ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលផ្តោតលើ ប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធសន្តិសុខសង្គមដែលមានគោលបំណងដើម្បីរក្សាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្ដមអគ្គនាយក បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ពិសេសក្រុមការងារឃុំ សង្កាត់ដែលអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវជ្រើសរើសគ្រួសារក្រីក្រពិតប្រាកដអោយអស់ពីមូលដ្ឋាន ត្រូវបន្តទទួលពាក្យសម្ភាសន៍ពីគ្រួសារក្រីក្រ ស្របតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ (បើមានគ្រួសារក្រីក្រនៅក្នុងឃុំ សង្កាត់មកដាក់ពាក្យស្នើសុំសម្ភាសន៍) ហើយឃុំ ចៅសង្កាត់ទទួលខុសត្រូវ និងត្រូវធានាថាៈ គ្មានគ្រួសារក្រីក្រណាមួយនៅក្នុងឃុំគ្មានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រដែលទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំឡើយ ហើយក៏ត្រូវធានាផងដែរថាគ្រួសារដែលមានជីវភាពប្រសើរ ពុំត្រូវមានឈ្មោះ ក្នុងបញ្ជីគ្រួសារក្រីក្រដែលទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំឡើយ ។

អត្ថបទទាក់ទង