រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ឆ្នាំ២០២០

  • 456
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរាំងស្ងួត សម្រាប់ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការចូលរួមពីលោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក នាយកសាខាកាកបាទក្រហមខេត្ត អង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តសរុបចំនួន ៥០រូប។

លោកលៀង ជុំសុបិន្ត បានធ្វើបទបង្ហាញអំពីសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរាំងស្ងួត ដែលទម្រង់នៃការផែនការទាំងពីរនោះ គឺរៀបចំឡើងស្របគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានប្រមូលធាតុចូលពីគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក និងអង្គការពាក់ព័ន្ធក្នុងខេត្ត ដោយផែនការចែកចេញ៧ផ្នែក គឺទី១.ស្ថានភាពទូទៅរបស់ខេត្ត, ទី២. សេណារីយ៉ូគ្រោះទឹកជំនន់ និងរាំងស្ងួត, ទី៣. យុទ្ធសាស្ត្រឆ្លើយតបបន្ទាន់, ទី៤. លក្ខណៈវិនិច្ឆ័យសម្រាប់ការចាប់ផ្ដើមអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដា, ទី៥. នីតិវិធីប្រតិបត្តិស្ដង់ដានៅពេលមានគ្រោះមហន្តរាយកើតឡើង, ទី៦. យន្តការសម្របសម្រួលជាមួយស្ថាប័ន និង ទី៧.ឧបសម្ព័ន្ធផ្សេងៗ។

ឯកឧត្តម អម សុភា បានកោតសរសើរ និងវាយតម្លៃខម្ពស់ ចំពោះមន្ទីរអង្គភាព ក្រុងស្រុក និងអង្គការដៃគូ ដែលបានផ្ដល់ធាតុចូលយ៉ាងមានសារៈសំខាន់ទៅក្នុងផែនការ សំដៅរួមគ្នាកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ សូមជួយពិនិត្យ និងផ្ដល់យោបល់បន្ថែមទៅលើសេចក្ដីព្រាងផែនការទាំងពីរបន្ថែមទៀត មុននឹងខេត្តដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ។ ការពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការនេះ ត្រូវធានាថាមុនពេល និងក្នុងពេលគ្រោះមហន្តរាយ គឺយើងមានធនធាន និងមធ្យោបាយគ្រប់គ្រាន់ ឆ្លើយសង្គ្រោះបន្ទាន់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្ដមបានស្នើសុំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ សូមពិនិត្យនូវរាល់ចំណុចដែលត្រូវកែលម្អឲ្យផែនការទាំងពីរ កាន់តែល្អប្រសើរ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍នៃប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រដែលរងផលប៉ះដោយសារជម្ងឺកូវីដ១៩ ព្រមទាំងបានជម្រុញឲ្យរដ្ឋបាលក្រុង ស្រុក មន្ទីរជំនាញ បន្តអនុវត្តកិច្ចការនេះឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី។

ឯកឧត្តម បានមានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក និងអង្គភាពទាំងអស់ សូមបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនអំពីវិធានការការពារការរីករាលដាលនៃជម្ងែកូវីដ១៩ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

អត្ថបទទាក់ទង