រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ប្រគេនទៀនព្រះវស្សា និង បច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង១០ក្នុងក្រុងកំពង់ឆ្នាំង

  • 582
  • ដោយ taravong

កំពង់ឆ្នាំងៈ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ឯកឧត្តម លោក
ជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះក្រុងកំពង់ឆ្នាំង បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគ
បរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង១០ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យវិស័យពុទ្ធ ចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារាមឲ្មានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

លោកជំទាវ បានមានប្រសាសន៍បន្តថាៈ ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនាមានសារ:សំខាន់ និងជាអំឡុងពេលដ៏សំខាន់ដើម្បីឲ្យភិក្ខុ សាមណេរបានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ វិន័យរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈ
ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។

ការប្រគេនទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

លោកជំទាវ រដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង ព្រមទាំងក្រុមការងារ បានប្រគេនទៀនព្រះវស្សា ០១ គូ និងទេយ្យវត្ថុមាន អង្ករ ៥០kg ទឹកបរិសុទ្ធ , មី , ទឹកត្រី, ទឹកស៊ីអ៉ីវ , និងបច្ច័យកសាងចំនួន៥០ម៉ឺនរៀល ព្រមទាំងប្រគេនបច្ច័យ១០ម៉ឺនរៀល ដល់ព្រះសង្ឃក្នុង១អង្គៗ។គណ:កម្មាការអាចារ្យវត្ត ក្នុងម្នាក់ ៗទទួលបានក្រមា ១ ថវិកា ២ ម៉ឺនរៀលនិងបានជូនចវិកាដល់ពុទ្ធិស័ទដែលបានចូលរួមក្នុងពិធីនោះដែរ៕

អត្ថបទទាក់ទង