រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ចំនួន ១៤០៩ ក្បាលដី ស្មើនឹង ៤៣៦គ្រួសារនៅឃុំតាំងក្រសាំង ស្រុកទឹកផុស

  • 697
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង ធ្វើពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធស្ថិតនៅក្នុងភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមលោក សុខ សុន្ធី អភិបាលរងស្រុកទឹកផុស និងលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក លោកស្រីមន្ទីរស្ថាប័នក្នុងខេត្ត តំណាងធានាគារឯកជន អាជ្ញាធរមូលដ្ឋាន រួមនិងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីផងដែរ។

លោក ឈុន សុខកុម្ភៈ បានឱ្យដឹងថាៈក្រោយពីបញ្ចប់ការវាស់របស់ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យបានសម្រេចបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធមានចំនួន១៥០ គ្រួសារ ឋិតនៅក្នុងភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយប្រមូលទិន្នន័យបានចំនួន ១៤០៩ ក្បាលដី ក្នុងនោះមានដីកសិកម្ម ដីលំនៅដ្ឋាននិងដីផ្សេងៗការបិទផ្សាយពេលនេះមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយរាប់ទាំងថ្ងៃឈប់សម្រាកផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម សាន់ យូ បានសម្តែងនូវការកោតសសើរដល់ផ្នែកគ្រប់គ្រងតំបន់វិនិច្ឆ័យរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈបានយ៉ាងល្អប្រសើរ។ ឯកឧត្ដមបានបន្តទៀតថាៈបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ទៅលើការរៀបចំផ្តល់សិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីដោយស្របច្បាប់ ដោយមានក្រសួង មន្ទីរជាសេនាធិការស្រាប់។

ឯកឧត្ដមបានស្នើសុំឱ្យប្រជាពលរដ្ឋដែលម្ចាស់ក្បាលដីទាំងអស់ចូលរួមសហការជាមួយមន្រ្តីគ្រប់គ្រងក្នុងតំបន់នោះក្នុងពេលបិទផ្សាយដែលមានរយៈពេល១៥ថ្ងៃដោយភ្ជាប់មកនូវឯកសារដូចជាចុងសន្លឹកសម្គាល់ ក្បាលដីចេញដោយក្រុមគ្រប់គ្រងតំបន់វិនិច្ឆ័យ សៀវភៅគ្រួសារ និងសំបុត្រកំណើតដើម្បីងាយស្រួលក្នុងការពិនិត្យនិងផ្ទៀងផ្ទាត់បានឆាប់រហ័ស។ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទទាក់ទង