រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រវត្តិខេត្តកំពង់ឆ្នាំង

  • 5.8ពាន់
  • ដោយ Admin

កំពង់ឆ្នាំង គឺជាឈ្មោះកំពង់ទឹកមួយដ៏សំខាន់ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីព្រេងនាយមក ហើយដែលជាកន្លែងលក់ដូរ ដ៏ធំមួយនូវឧបករណ៍ប្រើប្រាស់ធ្វើអំពី ដីដុត មានចង្ក្រាន ក្អម ឆ្នាំង និងវត្ថុប្រើប្រាស់អំពីដីផ្សេងៗ ទៀតជាដើម ។ កំពង់ នេះនៅជាប់ដៃទន្លេសាប ដែល​មាន​ចម្ងាយប្រមាណ ៩១ គ.ម ពីរាជធានីភ្នំពេញហើយក្លាយជាខេត្តមួយរបស់ប្រទេសកម្ពុជា គឺខេត្តកំពង់ឆ្នាំងនេះឯង។ បានជាមានឈ្មោះយ៉ាងដូច្នេះដោយមានមូលហេតុថា៖ កាល​ដើមឡើយ មនុស្សសម័យបុព្វកាលមិនទាន់រកឃើញនូវជាតិលោហធាតុ ដើម្បី​យក​មក​កែច្នៃ​ជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចសម័យនេះទេ ដូច្នេះ​មាន​តែការច្នៃ​ប្រឌិត​ផលិតផលវត្ថុប្រើប្រាស់ដែលធ្វើអំពីដីតែប៉ុណ្ណោះដូចជា ចង្ក្រាន,ក្អម,ឆ្នាំង និងវត្ថុផ្សេងៗ​ទៀតជាច្រើន ព្រោះ​ឧបករណ៍​ទាំងនេះ​ជាវត្ថុចាំបាច់​បំផុត​សម្រាប់ប្រើប្រាស់​ក្នុងជីវភាព​ប្រចាំថ្ងៃ ។ យ៉ាងណាមិញ ប្រជាពលរដ្ឋកម្ពុជា​ក៏ដូចជាប្រជាជន​ទាំងឡាយ​ក្នុងលោក​ទាំងមូល​សុទ្ធតែបានផលិតនូវវត្ថុប្រើប្រស់ធ្វើអំពីដីដុតនេះ។ មានប្រជាជនជាច្រើនក្នុងភូមិ/ឃុំ/ស្រុក នៃតំបន់ទំនាបជុំវិញបឹងទន្លេសាបបាននាំគ្នាធ្វើសិប្បកម្មស្មូនដី ពិសេសគឺពួកស្រីៗ ហើយក្នុងនោះគឺមានខេត្តកំពង់ឆ្នាំងដែលលេចធ្លោជាងគេក្នុងសកម្មភាព។ ពេលផលិតរួច​ស្រេចបាច់អស់ហើយ គេក៏បាននាំចេញទៅលក់ចែកចាយពាស​ពេញប្រទេស​ដោយ​ប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវគោក និងផ្លូវទឹក។ ផ្លូវគោកគេប្រើរទេះគោ​ជាមធ្យោបាយដឹកជញ្ជូន តែបើផ្លូវទឹកគេប្រើទូកតូចធំ គ្រប់ប្រភេទសម្រាប់ដឹកជញ្ជូន​ក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុត ព្រោះមិនបណ្តាល​ឲ្យបាក់បែកខូចខាត និងជាមធ្យោបាយអាចផ្ទុកច្រើនទៀតផង។ ម្យ៉ាងវិញទៀត ដោយផ្លូវទឹក​មានលក្ខណៈងាយស្រួលផងនោះ ប្រជាជនដែលផលិត ចង្ក្រាន,ក្អម,ឆ្នាំង បានរួចរាល់ហើយក៏តែងតែនាំគ្នាយកមកដាក់លក់នៅមាត់កំពង់មួយកន្លែងជាប់នឹងដងទន្លេសាបតែម្តង (ត្រង់ម្តុំចុងកោះផ្សារក្រោម)។

ដូច្នេះហើយ បានជាកំពង់នេះគេតែងហៅថា កំពង់ឆ្នាំង ជាប់រហូតមក។ ប៉ុន្តែកំពង់ដែល​ដាក់លក់ឆ្នាំងនេះ គឺគេអាចដាក់លក់បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ រីឯរដូវវស្សាវិញត្រូវទឹក​លិចអស់មិនអាចលក់ដូរបានទេ ទើបក្នុងសម័យអាណានិគមបារាំងគេបានកេណ្ឌ​ប្រជាជន​លើកដីបំពេញមាត់ទន្លេប្រហែជា ៤០០ម៉ែត្រ ទំហំប្រហែលជា ១០០ម៉ែត្រ បួនជ្រុងពីខាង​ជើងវត្តទេពធីតារាម ហៅ វត្តយាយទេព ដែលគេអាចដាក់លក់ ចង្ក្រាន,ក្អម,ឆ្នាំងបានទាំងរដូវប្រាំង និងរដូវវស្សា។ ទីកន្លែង ដីលើក សម្រាប់លក់ឆ្នាំងនេះគេក៏ហៅថាលក់ឆ្នាំង​ហើយដែល​ដំណតមកខាងក្រោយទៀត គេក៏ហៅកាត់ខ្លីថា ផ្សារឆ្នាំង ទៅវិញ ហើយជាប់​ឈ្មោះរហូត​មកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះទីកន្លែងផ្សារឆ្នាំងបានក្លាយ​ទៅជាអាគារលក់ទំនិញ​សម័យ​ទំនើបទៅហើយ ប៉ុន្តែ នៅរក្សាឈ្មោះថា ផ្សារឆ្នាំងដដែល។ ម្យ៉ាងវិញទៀតពាក្យថា ផ្សារឆ្នាំង នេះ​ក៏បានក្លាយទៅជាឈ្មោះភូមិផ្សារឆ្នាំង និងជាឈ្មោះតំបន់រដ្ឋបាលសង្កាត់គឺ សង្កាត់ផ្សារឆ្នាំង តែម្តង។

គេក៏បាននាំចេញទៅលក់ចែកចាយពាសពេញប្រទេសដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវគោក និងផ្លូវទឹក។ ផ្លូវគោកគេប្រើរទេះគោជាមធ្យោបាយដឹកជញ្ជូន តែបើផ្លូវទឹកគេប្រើទូកតូចធំ គ្រប់ប្រភេទសម្រាប់ដឹកជញ្ជូនក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុត ព្រោះមិនបណ្តាលឲ្យបាក់បែកខូចខាត និងជាមធ្យោបាយអាចផ្ទុកច្រើនទៀតផង។ ម្យ៉ាងវិញទៀត ដោយផ្លូវទឹកមានលក្ខណៈងាយស្រួលផងនោះ ប្រជាជនដែលផលិត ចង្ក្រាន,ក្អម,ឆ្នាំង បានរួចរាល់ហើយក៏តែងតែនាំគ្នាយកមកដាក់លក់នៅមាត់កំពង់មួយកន្លែងជាប់នឹងដងទន្លេសាបតែម្តង (ត្រង់ម្តុំចុងកោះផ្សារក្រោម)។

ដូច្នេះហើយ បានជាកំពង់នេះគេតែងហៅថា កំពង់ឆ្នាំង ជាប់រហូតមក។ ប៉ុន្តែកំពង់ដែល​ដាក់លក់ឆ្នាំងនេះ គឺគេអាចដាក់លក់បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ រីឯរដូវវស្សា​វិញត្រូវទឹក​លិចអស់មិនអាចលក់ដូរបានទេ ទើបក្នុងសម័យអាណានិគមបារាំង​គេបានកេណ្ឌ​ប្រជាជន​លើកដីបំពេញមាត់ទន្លេប្រហែជា ៤០០ម៉ែត្រ ទំហំប្រហែលជា ១០០ម៉ែត្រ បួនជ្រុងពីខាងជើង​វត្តទេពធីតារាម ហៅ វត្តយាយទេព ដែលគេអាចដាក់លក់ ចង្ក្រាន,ក្អម,ឆ្នាំងបានទាំងរដូវប្រាំង និងរដូវវស្សា។ ទីកន្លែង ដីលើក សម្រាប់លក់ឆ្នាំងនេះគេក៏ហៅថាលក់​ឆ្នាំងហើយដែលដំណ​តមកខាងក្រោយទៀត គេក៏ហៅកាត់ខ្លីថា ផ្សារឆ្នាំង ទៅវិញ ហើយជាប់ឈ្មោះរហូតមកដល់​សព្វថ្ងៃនេះ។

បច្ចុប្បន្ននេះទីកន្លែងផ្សារឆ្នាំងបានក្លាយទៅជាអាគារលក់ទំនិញសម័យទំនើបទៅហើយ ប៉ុន្តែ នៅរក្សាឈ្មោះថា ផ្សារឆ្នាំងដដែល។ ម្យ៉ាងវិញទៀតពាក្យថា ផ្សារឆ្នាំង នេះក៏បានក្លាយទៅជាឈ្មោះភូមិផ្សារឆ្នាំង និងជាឈ្មោះតំបន់រដ្ឋបាលសង្កាត់គឺ សង្កាត់ផ្សារឆ្នាំង តែម្តង។