រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក ចំនួន ៤០០ គ្រួសារ នៅភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

  • 284
  • ដោយ taravong

ក្រុងកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ លោកជំទាវ ប៊ន សុភី និងឯកឧត្ដម សាន់ យូ អភិបាលរងខេត្ត បានចូលរួមពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក ចំនួន ៤០០ គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា នៅភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុន Rafulin Holdings Sdn Bhd សហការ ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមអភិវឌ្ឍន៍ នារីឥស្លាមកម្ពុជា(CIWODA) សមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូក្រាម ស្ករស ២ គីឡូក្រាម ប្រេងឆា ២ លីត្រ ត្រីខ ៤ កំប៉ុង មី ១០ កញ្ចប់ សាប៊ូដុះខ្លួន ៤ ដុំ សាប៊ូលាងចាន ១ ដប និង អំបិល ១ គីឡូក្រាម។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដោយសារឆ្នាំ២០២០កន្លងមកថ្មីនេះ មានបញ្ហាប្រឈមជាច្រើន ដែលបញ្ហាចម្បងនោះគឺការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ការរីករាលក្នុងសហគមន៍ ហើយក្រោយមកគឺរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងពីផ្នែកខាងលើខ្លាំង បណ្ដាលឱ្យជន់លិចប្រជាពលរដ្ឋ ហើយបានធ្វើឱ្យប៉ះពាល់ដំណាំកសិកម្ម ផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងបង្អាក់ការប្របកអាជីវកម្មប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានមានប្រសាសន៍ថា ការចែកអំណោយនាពេលនេះ គឺយើងមិនប្រកាន់ ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ និងសាសនាអ្វីឡើយ គឺយើងបានប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មិនថាគ្រួសារកាន់សាសនាមុស្លីម ឬសាសនាដទៃ គឺយើងធ្វើឡើងក្នុងនាមជាខ្មែរតែមួយ។

ឯកឧត្តមបានមានប្រសាសន៍ថ្លែងការអភ័យទោសដោយសារការពន្យាការចែកជូនប្រជាពលរដ្ឋ ដោយសារតែបញ្ហាព្រឹត្តិការណ៍ ៣វិច្ឆិកា និង២៨ វិច្ឆិកា ដែលមានការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានបង្អាក់ដំណើរក្នុងការរៀបចំការចែកអំណោយជូនប្រជាពលរដ្ឋ ព្រោះដើម្បីចូលរួមក្នុងការការពារ ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕

អត្ថបទទាក់ទង