រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ០២គ្រួសារ រស់នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ទទួលបានអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា

  • 412
  • ដោយ taravong

សាមគ្គីមានជ័យ៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោក វន ស៊ីផា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងប្រធាន ព្រមទាំងក្រុមការងារអនុសាខា លោកមេឃុំឈានឡើង លោកមេភូមិត្រែង បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គីសភ័យ ចំនួន ០២គ្រួសារ រស់នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក វន ស៊ីផា ក៏ថ្លែងចូលរួមនូវការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ លុយកាក់ និងការរងរបួសផងដែរ។ ជាមួយគ្នានោះ លោកក៏បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តាំផ្ញើដល់ថ្នាក់ដឹកនាំកាកបាទក្រហមគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីកើតឡើងត្រូវតែឆ្លើយតបឱ្យបានទាន់ពេលវេលា។

អំណោយដែលបានផ្តល់ជូនក្នុង ១គ្រួសារមាន៖ របស់អនុសាខាមាន អង្ករ ៥០គីឡូក្រាម ,មី ០១ កេស ,ត្រីខ ០១យួរ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៊ីវ ១ យួរ ,តង់ធំ ០១ ,កន្ទេលជ័រ ០១,ឆ្នាំងបាយ ០១ ,ឆ្នាំងសម្ល ០១ ,ចានបាយ ០៥ ,ចានសម្ល ០២ ,ស្លាបព្រា ០១ឡូ ,ឃីត ០១កញ្ចប់ (ភួយ ០១, មុង ០១, ក្រមា ០១, សារុង ០១ ) និងថវិកា ១០០,០០០រៀល។ ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឧបត្ថម្ភជាថវិកាក្នុងគ្រួសារ ចំនួន ១០០.០០០ រៀល បន្ថែមទៀត។ ជាមួយគ្នានោះលោកប្រធានកិត្តិយសអនុសាខាក៏បានជួយឧបត្ថម្ភជាថវិកាដល់កម្លាំងជួយអន្តរាគមន៍ ចំនួន ១០០.០០០ រៀល ផងដែរ។

គួររំលឹកផងដែរថាៈ អគី្គភ័យឆេះផ្ទះអស់ទាំងស្រុងចំនួន២ខ្នង នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ចំនួន ០២គ្រួសារ ផ្ទះទី១ៈ ឈ្មោះ ឆេង ខែម ភេទស្រី អាយុ៨០ឆ្នាំ មានទំហំ ៤គុណ៥ ធ្វើអំពីឈើប្រកស័ង្កសីជញ្ជាំងក្តា ខូចខាតសម្ភារ ស្រូវ ២៥០០គីឡូក្រាម ម៉ូតូ២គ្រឿងមាស៧ជី លុយខ្មែរ១២លាន និងសម្ភារៈសំលៀកបំពាក់ទាំងអស់។ ផ្ទះទី២ៈ ឈ្មោះ សែម ខេន ភេទស្រី អាយុ៥៨ឆ្នាំមានទំហំ ៦គុណ៧ ធ្វើអំពីឈើប្រកក្បឿងជញ្ជាំងក្តា សម្ភារសំលៀកបំពាក់មួយចំនួន។

នៅក្នុងហេតុការនោះបណ្តាលឱ្យមានភ្លើងឆេះរោលស្លោកដៃឈ្មោះលោកយាយ ឆេង ខែម ទាំងសងខាង លោកមេឃុំឈានឡើងបានដឹកគាត់យកទៅមន្ទីរពេទ្យឯកជននៅសំរោង ឃុំមនោរម្យ ស្រុកថ្ពងកំពង់ស្ពឺ ឯលោក យ៉ង់ សារឿន នាយប៉ុស្តិនៅអន្តរាគមន៍ផ្ទាល់ជាមួយប្រជាការពារ និងប្រជាពលរដ្ឋដោយប្រើទឹកពាងពន្លត់ភ្លើងរលត់នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ៕

អត្ថបទទាក់ទង