រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិធម្មយុត្តិ និងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

  • 547
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម សាន់ យូ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិធម្មយុត្តិ និងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង សមាជិក-សមាជិការគណៈកម្មការរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ ស្ថាប័នមីក្រូហិរញ្ញវត្ថុនានា និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្ដម សាន់ យូ បានមានប្រសាសន៍ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃប័ណ្ណកម្មសិទ្ធិដីធ្លី។

តាមការបញ្ជាក់របស់លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិធម្មយុត្តិ និងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មានក្បាលដីសរុបចំនួន ១៧៤៣ ក្បាលដី និងមានចំនួនគ្រួសារសរុបមានចំនួន ២៥០ គ្រួសារ ៕

អត្ថបទទាក់ទង