រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំ២០២០​-២០២១ ត្រូវបើកការប្រកួតរយៈពេល០៧ថ្ងៃ

  • 748
  • ដោយ taravong

កំពង់ឆ្នាំង៖ ពិធីបើកការប្រកួតកីឡាសិស្ស បឋមសិក្សា មធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំងលើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងបេតង់បុរសនារី ឆ្នាំ២០២០-២០២១ បានប្រារព្ធបើក នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តប្រតិភូដឹកនាំកីឡាករ កីឡាការីនី សិស្សានុសិស្សមកពីក្រុង ស្រុក ទាំង ០៨ ក្នុងខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍របស់លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ ការប្រកួតកីឡាជ្រើសរើសជើងឯងឆ្នាំនេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថៃ្ងទី១៧ ខែកុម្ភៈដល់ ថៃ្ងទី២៣ ខែកុម្ភៈឆ្នាំ២០២១ ហើយប្រភេទកីឡាដែលត្រូវប្រកួតរួមមានៈ បាល់ទាត់, បាល់ទះ, បាល់បោះ អត្តពលកម្ម និងប៉េតង់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងក្នុងឱកាសនោះថាៈ កីឡាករ កីឡាការនី គឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទ
ពិសោធន៍ពីគ្នាទៅវិញ ទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នា។ វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករ និងគូរប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងល្បិចកលរបស់ខ្លួន ដើម្បីទទួលជ័យជំនះដោយកិត្តិយស។ ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

ឯកឧត្តម ឈួរ ច័្ទឌឿន ក៏បានផ្តាំផ្ញើដល់គណៈកម្មាការប្រកួតកីឡា គណៈប្រតិភូកីឡាក្រុង ស្រុកទាំង៨ សូមសហការគ្នាឱ្យបានល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាក្នុងពេលនេះឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អ និងសំរាប់ផ្តល់កិត្តិយសឱ្យក្រុង ស្រុកនីមួយៗរបស់ខ្លួនផងដែរ។ អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់ ថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពអោយបានល្អដល់ក្រុមកីឡាកករ កីឡាការិនីទាំងអស់ដែលបានមកប្រកួតនៅក្នុងក្រុងខេត្តកំពង់ឆ្នាំង។ ជាពិសេសត្រូវរួមគ្នាបន្តធ្វើអនាម័យជាប់ជាប្រចាំដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យកើតមានក្នុងគ្រួសារ និងសហគមន៍របស់យើង ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះឯកឧត្តម ក៏បានឧបត្ថម្ភថវិកាដល់គណៈកម្មការរៀបចំការប្រកួតផងដែរ ៕

អត្ថបទទាក់ទង