រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលរងខេត្តកំពង់ឆ្នាំងប្រាប់កម្មករ កម្មការិនី និងអ្នកបើកបររថយន្តដឹកកម្មករ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាលបន្តទៀត

  • 405
  • ដោយ taravong

អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា នៅថ្ងៃនេះបានធ្វើការអំពាវនាវដល់ តំណាងកម្មករ កម្មការនី និង អ្នកបើកបរដឹកកម្មករ តាមបណ្តារោងចក្រទាំងអស់ ឱ្យចូលរួមបន្ថែមទៀត ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលបន្តទៀត នៅក្នុងសហគមន៍ដែលខ្លួនរស់នៅ។ ការលើកឡើងរបស់អភិបាលរងខេត្តកំពង់ឆ្នាំង គឺធ្វើឡើងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នៅក្នុងឱកាសជួបជាមួយតំណាងកម្មករ កម្មការនី និងអ្នកបើករថយន្តដឹកកម្មករ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តអំពីវិធានការនានា ដើម្បីទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមបានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះខាងរោងចក្រសហគ្រាស ត្រូវតែគិតពី សុខភាពរបស់កម្មករនិយោជិតក្នុងរោងចក្ររបស់ខ្លួន ។ ដោយឡែកកម្មករកម្មការនីត្រូវតែថែរក្សាសុខភាពខ្លួនឯងធ្វើយ៉ាងណាកុំឱ្យកើតមានជំងឺនេះព្រោះថា ជំងឺនេះងាយឆ្លងខ្លាំងបំផុត ។ ដោយយើងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន។

ឯកឧត្តមបានបញ្ជាក់ទៀតថា កន្លងមកនេះ នៅតាមបណ្តាលរោងចក្រគឺអនុវត្តបានល្អអំពីវិធានការអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដោយឡែកចំពោះកម្មករ កម្មការនី ពេលត្រឡប់ទៅផ្ទះគឺអនុវត្តពុំទាន់បានត្រឹមត្រូវនៅឡើយនោះទេ ដូចជាពេលជិះរថយន្ត ពេលសម្រាកបាយថ្ងៃត្រង់ ជាដើម ។ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត មិនអនុញ្ញាតរថយន្តដឹកកម្មករ កម្មការនី ដឹកច្រើនរោងចក្រនោះទេ ហើយត្រូវរឹតបន្តឹងការពាក់ម៉ាស់លាងសំអាតដៃជាប្រចាំតែម្តង ។

ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ចការនេះគឺយើងមិនអាចធ្វើដាច់ដោយឡែកតែឯងបាននោះទេ គឺត្រូវចូលរួមអនុវត្តទាំងអស់គ្នា ហើយតំណាងកម្មករ កម្មការនី និង អ្នកបើកបររថយន្ត ដឹកកម្មករ ត្រូវបន្តធ្វើការផ្សព្វផ្សាយ ដល់គ្រប់កម្មករ កម្មការនី និង អ្នកបើករថយន្តផ្សេងទៀត ឱ្យចូលរួមអនុវត្តអំពីសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគម៍របស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត ។ យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៦០នាក់ មានអ្នកស្លាប់ចំនួន៣នាក់ និងបានព្យាបាលឲ្យជាសះស្បើយ៥០នាក់ ៕

អត្ថបទទាក់ទង