រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលសាលាគំរូក្រុងកំពង់ឆ្នាំង

  • 678
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម អម សុភា អភិបាលរងខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសាលាគំរូក្រុងកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានរាយការណ៍ថា មណ្ឌលចត្តាឡីស័កសាលាគំរូក្រុងបានចាប់ផ្ដើមរៀបចំឡើងនៅថ្ងៃទី១ ខែមេសាឆ្នាំ២០២០ បើគិតមកដល់ថ្ងៃនេះមណ្ឌលចត្តាឡីស័ក បានទទួលប្រជាពលរដ្ឋជាង ៤០០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ចំនួនត្រឹមតែ ៥៥ នាក់ប៉ុណ្ណោះ។ មណ្ឌលនេះមានក្រុមគ្រូពេទ្យ មានមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ជាអ្នកមើលការខុសត្រូវ និងការពារសុវត្ថិភាពល្អ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ដែលបាននឹងកំពុងចូលរួមសហការ និងសស្រាក់សស្រាំបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការអនុវត្តតួនាទី ភារកិច្ចក្នុងការប្រឆាំង ទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់លាងសំអាតដៃនឹងសាប៊ូ ឬ អាល់កុល ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងមិនត្រូវជួបជុំដែលមានមនុស្សច្រើននោះទេពោលគឺត្រូវអនុវត្តជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ។

អំណោយ ឯកឧត្តម និងក្រុមការងារបាននាំយកឧបត្ថម្ភដល់មណ្ឌលធ្វើចត្តាលីស័កនៅសាលាគំរូក្រុងកំពង់ឆ្នាំងក្នុងឪកាសនោះរួមមាន៖ ទឹកសុទ្ធចំនួន ៧០កេស ទឹកក្រូច ២១កេស អាកុល ៣កានស្មើនឹង ៩០លីត្រ ម៉ាស់មួយកេសធំស្មើនឹង ៥៩ប្រអប់ និងថវិកាចំនួន ១លានរៀលផងដែរ ៕

អត្ថបទទាក់ទង