រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

  • 283
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២១នេះ នៅសាលប្រជុំសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីអាជ្ញាធរខេត្តក្នុងខេត្តទាំងពីរ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ដោយកន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ គឺបានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រឆាំង ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ ក្នុងការចុះតាមដានជាប្រចាំ នូវការចេញចូលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រៅពីនេះក៏បានចុះអប់រំផ្សព្វផ្សាយអំពីវិធាននាការនានារបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន ។

ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ បានជម្រុញដល់អាជ្ញាធរដែនដី ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹង អំពីហានិភ័យនៃជម្ងឺកូវីដ-១៩, ការអនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល, វិធានការរដ្ឋបាល, ផ្សព្វផ្សាយដល់ពួកគាត់ឲ្យតាមដានសុខភាពជាប្រចាំ បើមានសញ្ញាណពាក់ព័ន្ធនឹងកូវីដ-១៩ ត្រូវប្រញាប់ទៅយកសំណាកជាបន្ទាន់ដើម្បីសុវត្ថិភាពល្អ និងចូលរួមកាត់ផ្ដាច់ក៏ដូចជាការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីខ្លួនយើង ទៅក្រុមគ្រួសារ និងសហគមន៍ដែលខ្លួនរស់នៅ ៕

អត្ថបទទាក់ទង