រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវកែ ច័ន្ទមុនី បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥វត្តនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ

  • 396
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នក
តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឌី ដារ៉ាវុធ តំណាងឯកឧត្ដមហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥វត្ត នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បុណ្យចូលព្រះវស្សា ត្រូវបានប្រារព្ធធ្វើឡើង តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ។ តាមពុទ្ធានុញ្គាត ឬតាមពុទ្ធវិន័យ ការចូលព្រះវស្សាមាន២របៀប ទី១.បុរិមិកាវស្សា ការចូលវស្សាមុន គឺចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើតខែអស្សុជ (ក្នុងករណី ឆ្នាំណាដែលលើកខែអាសាឍ២ដង នោះការចូលព្រះវស្សាគឺត្រូវប្រារព្ធនៅថ្ងៃ១រោច ខែទុតិយាសាឍ), ទី២. បច្ឆិមកាវស្សា ការចូលវស្សាក្រោយ គឺចាប់ពីថ្ងៃ១រោច ខែស្រាពណ៌ រហូតដល់ថ្ងៃ១៥កើត ខែកក្តិក ។ ចំពោះការចូលវស្សារបៀបទី២នេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតដល់សាវ័កដែលមានកិច្ចរវល់ដោយប្រការណាមួយដែលមិនអាចចូលវស្សាលើកទី១បាន។ ជាងនេះទៅទៀត ការចូលព្រះវស្សាពិតជាផ្ដល់នូវសារសំខាន់ដល់ព្រះសង្ឃក្នុងកិច្ចប្រតិបត្តិព្រះបរិយត្តិធម៌ និងព្រះបរមត្ថធម៌ ឬក៏គន្ធធុរ:(ទ្រឹស្តី) និងវិបស្សនាធុរ:(ការអនុវត្ត) សំដៅដល់ការសិក្សារៀនសូត្រទាំងផ្លូវពុទ្ធចក្រ(ធម្មវិន័យ ភាសាបាលី ចាប់ពីពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកសាកលវិទ្យាល័យ) និងផ្លូវអាណាចក្រ ( ចំណេះដឹងទូទៅ ជំនាញគ្រប់កម្រិត) និងបង្កបរិយាកាសសាមគ្គីភាពផ្ទៃក្នុងសង្ឃផងដែរ។

ជាមួយគ្នានេះដែរ តាមប្រពៃណី ទំនៀមទម្លាប់ពុទ្ធបរិស័ទ ពេលបុណ្យចូលព្រះវស្សា តែងតែនាំយកនូវទេយ្យវត្ថុ ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និង គ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ក្នុងអំ ឡុងពេលនៃការចូលព្រះវស្សានេះ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍គូសថាការអភិវឌ្ឍ របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមិនអាចកាត់ផ្តាច់ចេញពីព្រះពុទ្ធសាសនានោះឡើយ មានន័យថាការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺផ្អែកទៅលើកត្តាដាក់ចេញនូវយុទ្ធសាស្ត្ត ចក្ខុវិស័យ និងគោលនយោបាយឈ្នះៗ ក្នុងនោះក៏ត្រូវក៏មានការចូលរួមពីពុទ្ធសាសនាដោយបណ្ដុះសីលធម៌ សតិបញ្ញា ស្មារតីការគោរពដឹងគុណ និងការបណ្ដុះបណ្ដាលធនធានមនុស្សតាមបែបពុទ្ធសាសនា ។ ដូច្នេះ យើងឃើញថាព្រះពុទ្ធសាសនា បានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ ប៉ុន្ដែត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សម័យប៉ុល ពត សម័យប្រល័យពូជសាសន៍ ពោលគឺសិទ្ធិគោរពជំនឿ សិទ្ធិអ្វីគ្រប់បែបយ៉ាងរបស់ប្រជាជនសម័យកាលនោះគឺត្រូវបានបំបិទទាំងអស់ ។ ដូច្នេះ ក្រោមម្លប់សន្ដិភាពតាមរយ:នយោបាយឈ្នះៗ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសនោះដែរ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី បងប្អូនប្រជពុទ្ធបរិស័ទ តសូមបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបន្តចូលរួម រិតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលំអសោភ័ណភាពទីអារាម ភូមិស្ថានគ្មានល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បឲ្យភូមិ ឃុំមាន សុវត្ថិភាព ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោក ជំទាវកែ ច័ន្ទមុនីព្រមទាំងក្រុមការងារបានប្រគេននូវទេយ្យវត្ថុចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន៥ វត្ត ក្នុងឃុំពង្រ មានវត្ត ព្រះទ្វារ វត្តបល្ល័ង្ក វត្តព្រះធាតុ វត្តគិរីធម្មរាជ និងវត្តភ្នំថ្លុកត្របែក ដោយក្នុងមួយវត្តៗ ទទួលបាន ទានព្រះវស្សា ០១ គូ, អង្ករ៥០ គីឡូក្រាម,ទឹកសុទ្ធ ០១ កេស,ទឹកផ្លែឈើ ០១ កេស, ភេសជ្ជៈ វីគ័រ(vigor) ០១ កេស,មី ០១ កេស,ត្រីខ០១ យួរ,ទឹកត្រី០១ យួរ,ទឹកស៊ីវអុីវ០១ យួរ,បច្ច័យ១០មុឺនរៀល៕

អត្ថបទទាក់ទង