រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាល នៅតាមបណ្តាក្រុង ស្រុក ទាំង៨ និងវិធានការរដ្ឋបាលមួយចំនួនសម្រាប់អនុវត្តបន្ដក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

  • 287
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត អញ្ជើញជាអធិបតីភាពក្នុងអភិបាលខេត្តកំពង់ឆ្នាំង កិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តាក្រុង ស្រុក និងវិធានការរដ្ឋបាលមួយចំនួន សម្រាប់អនុវត្តបន្ដក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទដែលតា(Delta) ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ទ្ធចំនួន ៥អង្គភាព និងដោយឡែកមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុកទាំង ០៨ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធហ្ស៊ូម( Zoom)។

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត បានអានសារាចរលេខ ០៥ សរ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញឲ្យរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ត្រូវរៀបចំឲ្យមានការចត្តាឡីស័កតាមខ្នងផ្ទះចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល, ត្រូវរៀបចំមណ្ឌលចត្តាឡីស័កដាច់ដោយឡែកសម្រាប់ពលករមកពីប្រទេសថៃដោយធានាដំណើរការល្អ និងសុវត្ថិភាព, និងត្រូវបង្កើតក្រុមការងារតាមដានចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅលំនៅដ្ឋានរបស់ពួកគាត់ផ្ទាល់។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវពិនិត្យលទ្ធភាពត្រៀមទីតាំងដើម្បីសាងសង់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រោះស្ថានភាពជាក់ស្ដែង យើងបានយកទីតាំងសាលារៀនជាមណ្ឌលចត្តាឡីស័ក និងជាមណ្ឌលជាព្យាបាល ដែលនឹងមានផលលំបាកក្នុងករណីដែលរាជរដ្ឋាភិបាលសម្រេចឲ្យដំណើរការបើកបវេសនកាលចូលរៀនឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ជាមួយគ្នានោះដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានក្រើនរំលឹក និងជម្រុញឲ្យរដ្ឋបាលឃុំ សង្កាត់ត្រូវពង្រឹងការអនុត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូរបស់ខ្លួនឲ្យបានហ្មត់ចត់ និងច្បាស់លាស់ក្នុងការដឹកនាំ ចាត់ចែង និងគ្រប់គ្រងនៅមូលដ្ឋានរបស់ខ្លួនជាពិសេសត្រូវតាមដាន និងក្ដាប់ឲ្យបានជាក់លាក់ចំពោះប្រជាពលរដ្ឋដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗទៀតដើម្បីធានាសុវត្ថិភាព សន្ដិសុខ និងសុខុមាលភាពរបស់ប្រពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត បានជម្រុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ ត្រូវសហការគាំពារ និងបន្ដផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋអំពីហានិភ័យ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩យ៉ាងហោចណាស់មួយសប្ដាហ៍តាមយន្តការផ្សព្វផ្សាយឧគ្ឃោសនស័ព្ទ។

អត្ថបទទាក់ទង