កំពង់ឆ្នាំង៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សេង វិចិត្រ អភិបាលស្រុក រួមនឹង អាជ្ញាធរឃុំភូមិ បានចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេ ដែលធ្វើឲ្យលិចលង់ផ្លូវមួយចំនួន ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ និងឯកឧត្ដមអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានជួបសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិការបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រគល់ជូនប្រជាពលរដ្ឋ២០គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ មី១កេះ ត្រីខ១យួរ ឃីត១កញ្ចប់ ជែល១ដប និងថវិកា ៤ម៉ឺនរៀល។