រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជ និងអំណោយមួយចំនួន ជូនដល់ប្រជាកសិករចំនួន ៣ ៤៦០ គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់បណ្ដាលឲ្យខូចខាតដំណាំស្រូវ ក្នុងនោះមានចំនួន៥ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន២៥ឃុំ និងភូមិចំនួន១២៥ភូមិ បានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២ ៦១០ហិចតា ហើយផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន។ អំណោយក្នុងមួយគ្រួសារទទួលបាន ស្រូវពូជ ១០០គ.ក្រ អង្ករ ៥០គ.ក្រ មី១កេសធំ ត្រីខ១កេសធំ និងថវិកា ២០ម៉ឺនរៀល។ សម្ដេចតេជោ ក៏បានផ្ដល់អង្ករចំនួន ៣០០តោន ដល់រដ្ឋបាលខេត្ត សម្រាប់ទុកឧបត្ថម្ភជូនប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀត។

  • 165
  • ដោយ taravong

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សាកសួរសុខទុក្ខជូនពលរដ្ឋចូលរួមក្នុងកម្មវិធី ក៏ដូចជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។​ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងទុក្ខលំបាក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយខេត្ត និងអាជ្ញាធរខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។ រាល់ពេលពលរដ្ឋមានទុក្ខ តែងតែមានវត្តមានមន្ត្រីគណបក្សប្រជាជនកម្ពុជាជានិច្ច។

ទាក់ទងទៅនឹងបញ្ហានយោបាយនៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស ជនក្បត់ជាតិ សម រង្ស៉ី រឿងប្រមាថព្រះមហាក្សត្រ។ សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្តេចតេជោ ក៏បានណែនាំឱ្យសមាជិកបក្សភ្លើងទៀន អាចចាកចេញពីបក្ស ទៅកាន់បក្សដទៃ ព្រោះបក្សនេះ អាចនឹងប្រឈមនឹងការរំលាយចោល ប្រសិននៅតែមានការពាក់ព័ន្ធ នឹងជនក្បត់ជាតិបីជំនាន់នោះ។ សម្តេចតេជោក៏បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ៣ជំនាន់នេះឲ្យបាន។

យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជនក្បត់ជាតិ៣ជំនាន់ ដែលហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្ដាព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងជាអគ្គមគ្គទេសក៍ដឹកនាំជាតិដ៏ឆ្នើម ដែលសម្ដេចតែងតែនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈលំបាក និងសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លា ជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសម្រេចនូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាត និងប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការដឹកនាំនាវាកម្ពុជា ប្រកបដោយសុខសន្តិភាព និងសម្បូណ៌រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

អត្ថបទទាក់ទង