រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គផ្សព្វផ្សាយ ស្ដីពីកិច្ចដំណើការ ការិយាល័យប្រជាពលរដ្ឋខេត្ត

  • 743
  • ដោយ Kunthea

នៅព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅ សាលប្រជុំ «ខ» សាលាខេត្តកំពង់ឆ្នាំង បានបើកវគ្គផ្សព្វផ្សាយស្ដីពីកិច្ចដំណើការរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក្រោមអធិបតិភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អៀង វុធ អភិបាលរងខេត្ត។

វគ្គផ្សព្វផ្សាយនោះ ក៏មានចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យប្រជាពលរដ្ឋ និងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត​ វត្តមានសរុបប្រមាណ ៩៣អ្នក។

ក្នុងឱកាសមានមតិសំណេះសំណាលបើកកម្មវិធី ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវឱ្យសមាជិក សមាជិកាចូលរួមយកចិត្តទុកស្ដាប់ការធ្វើបទបង្ហាញរបស់វាគ្មិន ក៏ដូចជាមន្ត្រីជំនាញ ដើម្បីកុំឱ្យមានការភន័្តច្រឡំ ឬមិនច្បាស់អំពីតួនាទី ភារកិច្ច ឬក៏សិទ្ធិអំណាចការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។ ក្រៅពីនោះ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា៖ ការបង្កើតអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងការិយាល័យប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងជម្រុញការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធានាបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព លឿន តម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត ក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់អ្នកចូលរួម ជាពិសេសអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបន្ត និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយតួនាទី រចនាសម្ព័ន្ធ ក៏ដូចជាខ្លឹមសារនៃគោលបំណងការបង្កើតអង្គភាពច្រកចេញចូល និងការិយាល័យប្រជាពលរដ្ឋឱ្យបានទូលំទូលាយក្នុងមធ្យោបាយបែបណាក៏ដោយ។ ជាងនេះទៅទៀត ត្រូវអនុវត្តតាមសេចក្ដីណែនាំ នីតិវិធី និងគោលការណ៍ច្បាប់ ជាធរមាន ចៀសវាងការប្រព្រឹត្តអំពើពុករលួយ បង្កឱ្យមានបញ្ហាដល់ខ្លួនឯង និងអង្គភាពរបស់ខ្លួនផងដែរ។

គូសបញ្ជាក់ថាកម្មវិធីដែលបានផ្សព្វផ្សាយជូនអង្គពិធីរួមមាន៖
១.ការផ្សព្វផ្សាយអំពីខ្លឹមសារនៃអនុក្រឹត្យលេខ១៩ អនក្រ.បក ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
២.រចនាសម្ព័ន្ធ និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ
៣.របៀបរបបធ្វើការងារ
៤.គោលការណ៍នៃការសម្រុះសម្រួលដោះស្រាយ និងស៊ើបអង្កេតបណ្ដឹង។

អត្ថបទទាក់ទង