រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ត្រាំ អុីវតឹក អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋសរុបចំនួន ១២៨៨នាក់ ដោយឥតគិតថ្លៃនៅឃុំចំនួន ០៥ ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

  • 700
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាឆកកណ្តោល ឃុំជៀប ស្រុកទឹកផុស ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង និងអាជ្ញាធរដែនដី បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋសរុបចំនួន ១២៨៨នាក់ ដោយឥតគិតថ្លៃមកពីឃុំចំនួន ០៥ ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមាន ឃុំក្បាលទឹក ឃុំទួលខ្ពស់ ឃុំជៀប ឃុំខ្លុងពពក និងឃុំអភិវឌ្ឍន៍។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានមកនៅពេលនោះរួមមាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមចក្ខុខ្មែរ សមាគមក្រុមគ្រូពេទ្យលើកកម្ពស់សុខភាពប្រជាជន និងសមាគម Surgeons for Cambodia សរុបចំនួន ៦០នាក់ បានមកពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លើបញ្ហាភ្នែក មាត់ធ្មេញ វៈកាត់ដុំសាច់តូចៗ ថតអេកូរពោះ និងពិនិត្យព្យាបាលជំងឺទូទៅ។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរខ្ពស់អំពីសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ជាពិសេស នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោយវិស័យសំខាន់ៗមួយចំនួនទៀត ដោយបច្ចុប្បន្ននេះយើងមានមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ដែលស្ថិតនៅជិតនឹងបងប្អូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួសក្នុងការផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនពួកគាត់បានទាន់ពេលវេលា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការជួយសម្របសម្រួលឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ បានអញ្ជើញមកដល់ទីតាំងពិនិត្យពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយបានចាត់ទុកថា វត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាថ្ងៃនេះពិតជាបានរួមចំណែកដោះស្រាយ និងសម្រួលនូវសេចក្តីទុកកង្វល់ រាល់បញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងចែកអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាឆកកណ្តោល ភូមិឆកកណ្តោល ឃុំជៀប ក្នុងនោះរួមមាន លោកគ្រូ អ្នកគ្រូ ៨នាក់ម្នាក់ៗថវិកា៥០.០០០៛, សិស្ស ២៨០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល បុីច២ដើម ខ្មៅដៃ២ដើម បន្ទាត់២ដើម និងថវិកា ៥.០០០៛ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យមើលការព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅតាមទីតាំងពិនិត្យព្យាបាលជំងឺទូទៅ ភ្នែក និងមាត់ធ្មេញផងដែរ៕

អត្ថបទទាក់ទង