រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិ នៃកម្ពុជាស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធី ប្រគល់ទទួល និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

  • 983
  • ដោយ taravong

កំពង់ឆ្នាំងៈ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រារព្ធ ពិធីប្រគល់ទទួល និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីយភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងដោយមានការចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រតិភូអមដំណើរឯកអគ្គរដ្ឋទូត និង ប្រតិភូក្រសួងរ៉ែ និងថាមពល ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋសរុបចំនួន៥០០នាក់។

ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែកម្ពុជា បានឲ្យដឹងថាៈ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា បានបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយប្រើរយៈពេលប្រមាណ០២ឆ្នាំ ដោយក្រុមហ៊ុន Guangxi Geology and Minning Construction Group Co.,Ltd នៃសាធារណ
រដ្ឋប្រជាមានិតចិន លើផ្ទៃដី១៤០០ម៉ែត្រក្រឡា ដែលរួមមានអគារចំនួន០៤ ក្នុងនោះមានៈ១.អគារបន្ទប់ពិសោធន៍ ២.អគារបន្ទប់ស្នាក់នៅ ៣.អគារសម្រាប់កិនបំបែកថ្ម ៤.អគារឃ្លាំង ជាអគារសម្រាក់ដាក់សំណាកគំរូរ៉ែ រួមនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗមួយចំនួនទៀត ដែលចំណាយទឹកប្រាក់អស់២លាន ៥០ម៉ឺនដុល្លា អាមេរិក ជាជំនួយ
ឥតសំណងរបស់ក្រសួងដែនដីនិងធនធានធម្មជាតិ និងរដ្ឋបាលតំបន់ស័្វយត ខេត្តគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ឯកអគ្គរដ្ឋទូត លោក Wang Wentian បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់ប្រទេសកម្ពុជា ដែលកំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយមន្ទីរពិសោធន៍នេះជួយបណ្តុះ
បណ្តាលធនធានមនុស្ស ក្នុងការសិក្សាស្រាវជ្រាវរុករករ៉ែ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា មានការកើនឡើងកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនំាដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា និង បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាក់ស្តែងការរីកចម្រើនលើវិស័យធនធានរ៉ែ និងថាមពល ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញអោយកំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជាមានការកើនឡើងផងដែរ។

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍បន្តទៀតថាៈការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ភូគព្ភ
សាស្ត្រជាតិនៃកម្ពុជា បានធ្វើឲ្យមន្រ្តីរាជការនៃក្រសួងរ៉ែនិងថាមពល អាចពង្រឹងនិងពង្រីកចំណេះដឹងបន្ថែមក្នុងមុខវិជ្ជាជីវៈ ដើម្បីសិក្សាពីសក្តានុពលធនធានរ៉ែ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុយ សែម ក៏បានផ្តាំផ្ញើដល់គណៈគ្រប់គ្រងមន្ទីរពិសោធន៍ សូមយកចិត្តទុកដាក់ថែរក្សាឧបករណ៍ សំភារៈ អគារ និងសម្ភារៈផ្សេងៗទៀត ក្រោយពីភាគីមិត្តចិនបានប្រគល់ ចាប់ពីថ្ងៃនេះតទៅ និងសូមឲ្យ មន្ត្រីរាជការ បុគ្គលិក អ្នកបច្ចេកទេស ក្នុងមន្ទីរពិសោធន៍ភូគព្ភសាស្ត្រទាំងអស់ ធ្វើការប្រកបដោយសីលធម៌វិជ្ជាជីវៈ និងយកចិត្តទុកដាក់ស្តាប់ការបង្ហាត់បង្ហាញរបស់សាស្ត្រាចារ្យជំនាញការ ប្រចាំនៅមន្ទីរពិសោធន៍នេះ។

នៅចុងបញ្ចប់ ឯកឧត្តម ស៊ុយ សែម និងឯកអគ្គរដ្ឋទូតលោក Wang Wentian ក៏បានចុះហត្ថលេខាលើឯកសារប្រគល់ទទួលសមិទ្ធិផលដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ និងបានប្រគល់អំណោយជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះ ព្រមទាំងបានដាំដើមឈើទុកជាអនុស្សាវរីយផងដែរ៕

អត្ថបទទាក់ទង