រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដង្ហែរអង្គកឋិនឆ្ពោះទៅកាន់វត្តចំនួនពីរ ក្នុងស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

  • 705
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ០៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំង ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការប្រចាំការ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអ្នកផ្តើមបុណ្យ និងជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី មានសទ្ធាជ្រះថ្លា បានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តគង្គារាម ស្ថិតនៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស និង វត្តទេពីគិរីធម្មបាល(ហៅវត្តភ្នំទេពី) ស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត។

បន្ទាប់ពីធ្វើកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា នៅលើព្រះវិហាររួចមក ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ បានវេរអង្គកឋិនទាន និងបច្ច័យសង្កត់ត្រៃ ដល់ពុទ្ធសីមា វត្តគង្គារាម ស្ថិតនៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយទទួលបានបច្ច័យសង្កត់ត្រៃ ចំនួន ៨០,០៦៥,០០០រៀល។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក មានមតិសំណេះសំណាលសាកសួរសុខទុក្ខជាមួយអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងអង្គកឋិនទាននៅទីនោះ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំយកអស់កម្លាំងកាយចិត្តបញ្ញា និងស្មារតីក្នុងការជំរុញ និងគាំទ្រតាមគ្រប់រូបភាពដល់ក្រសួងធម្មការ និងសាសនា ដែលបានពុះពារជំនះគ្រប់ឧបសគ្គ ក្នុងការគ្រប់គ្រង និងដឹកនាំវិស័យសាសនា ឲ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងបរិមាណ និងគុណភាព តាមរយៈការបញ្ចូល ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលបានចែងថា បន្តគោរពសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ព្រមទាំងជូនអំណោយមួយចំនួនផងដែរ។

នាព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក រួមនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអ្នកផ្តើមបុណ្យ បានដង្ហែរអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តទេពីគិរីធម្មបាល(ហៅវត្តភ្នំទេពី) ស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត ដោយបានប្រគេនបច្ច័យសង្កត់ត្រៃយ៍ចំនួន ៨០,០០០,០០០រៀល ផងដែរ ៕

អត្ថបទទាក់ទង