កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគាររស្មី សុខាញ៉ូវយ៉ក ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់អំពីសេចក្ដីព្រាងសូចនាករភាពរាំងស្ងួត និងសេចក្ដីស្រេចបង្កើតក្រុមការងារតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អភិបាលរងក្រុង ស្រុក នាយករងរដ្ឋបាលក្រុងស្រុក លោកណុប ប៉ូលីន តំណាងអង្គការជំនួយរបស់វិហារដាណឺម៉ាក លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងតំណាងអង្គការជីវិតថ្លៃថ្នូរ។
ឯកឧត្តម អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងឱ្យដឹងថា មុខសញ្ញាគ្រោះមហន្តរាយ ដែលខេត្តកំពង់ឆ្នាំងតែងជួបប្រទះ មានដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលមុខសញ្ញាគ្រោះមហន្តរាយទាំងនេះ តែងយាយីអាយុជីវិតមនុស្ស សត្វ បង្កការខូចខាតដល់ដំណាំស្រូវ និងដំណាំគ្រប់ប្រភេទ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែង កាលពីពាក់កណ្ដាលខែ កុម្ភៈ មានគ្រោះរាំងស្ងួតកើតឡើង បណ្ដាលឲ្យប៉ះពាល់ស្រូវចំនួន ១ ៣០៥ ហ.ត (ស្រុកបរិបូណ៌ ៣១៧ ហ.ត, ជលគីរី ៧០០ ហ.ត និងកំពង់ត្រឡាច ២៨៨ ហ.ត)ប៉ុន្តែដោយមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ខេត្តបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋបានទាន់ពេលវេលា ។ លើសពីនេះ នៅឆ្នាំ២០១៥ និង២០១៦ ខេត្តក៏បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ដែលវាបង្កការឡើងកម្តៅ ខ្វះទឹក ប៉ះពាល់សុខភាព (រាគរូស និងជំងឺផ្លូវដង្ហើម) ខូចខាតដំណាំ (ស្រូវ និងបន្លែ) និងបង្កជាជំងឺសត្វជាដើម។
យន្តការតាមដានភាពរាំងស្ងួត គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពត្រៀមបម្រុងទុកជាមុនរបស់យើង ដើម្បីទប់ទល់នឹងភាពរាំងស្ងួត។ វិធានការត្រៀមជាមុន រួមមាន ការសន្សំទឹកទុក ការត្រងទឹកភ្លៀង បច្ចេកទេសកសិកម្មប្រើទឹកតិច ការត្រៀមសំណាញ់គ្របដំណាំការពារកំដៅ ការចាក់វ៉ាក់សាំងសត្វ (មាន់ ជ្រូក គោ) ប្រព័ន្ធជូនដំណឹងជាមុន។ល។
បន្ថែមពីនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកឡើងពីយន្តការតាមដានភាពរាំងស្ងួត ដែលយន្តការតាមដាននេះ ក៏អាចជួយសម្រួល និងពង្រឹងកិច្ចសហការគ្នារវាងលេខាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរពាក់ព័ន្ធ ដោយមានការចូលរួមសហការពីថ្នាក់ស្រុក ឃុំ និងភូមិផងដែរ។ ជាងនេះទៅទៀត សូចនាករភាពរាំងស្ងួត គឺជាផ្នែកមួយនៃយន្តការនេះ ហើយវាអាចជួយឲ្យយើងដឹងអំពីសញ្ញានៃគ្រោះរាំងស្ងួត។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តយើង បានទទួលការកសាងសមត្ថភាពអំពីការតាមដាន និងយុទ្ធសាស្រ្តឆ្លើយតបនឹងភាពរាំងស្ងួតរួចហើយ ព្រមទាំងបានពង្រាងសូចនាករ និងរចនាសម្ព័ន្ធតាមដានភាពរាំងស្ងួត ដែលមានសមាជិកមកពីអន្តរមន្ទីរ ផងដែរ។