រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្បទានិក ចំនួន០៥ភូមិ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

  • 976
  • ដោយ taravong

កំពង់ឆ្នាំង៖ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ និងសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ចំនួន ០៥ភូមិ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អង្គការដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរស្រុក ភូមិ-ឃុំ និងប្រជាពលរដ្ឋចូលរួមផងដែរ។

សូមបញ្ជាក់ផងដែរថា៖ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះជូនសម្បទានិកដែលបានបំពេញគ្រប់លក្ខខណ្ឌចំនួន ៩០៦ គ្រួសារ ស្មើនឹង ១ ៥០៦បណ្ណ ក្នុងនោះជូនសម្បទានិកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២(LASED II) ចំនួន ៧៣២ គ្រួសារ ស្មើនឹង ១ ១៧៩ បណ្ណ និងដីរដ្ឋបាលសាធារណៈចំនួន ៤១ បណ្ណ ស្ថិតក្នុងភូមិសុខសែនជ័យ ឃុំពាម, ភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង និងភូមិខ្សាច់ស, ភូមិសំបុកគ្រៀល ឃុំក្រាំងល្វា។

ជូនសម្បទានិកដែលជាអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ១៧៤ គ្រួសារ ស្មើនឹង ២៧៤បណ្ណ និងដីរដ្ឋបាលសាធារណៈចំនួន ១២ បណ្ណ ស្ថិតនៅក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្បទានិកដែលបានទទួលវិញ្ញាបនបត្រក្នុងពិធីនេះទទួលបានដីលំនៅដ្ឋានទំហំ ៣០ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ និងដីកសិកម្មទំហំ ១ហិកតាស្មើគ្នា។

ក្នុងឱកាសនោះដែរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់គ្រួសារដែលបានបំពេញគ្រប់លក្ខខណ្ឌក្នុងពេលនោះផងដែរ ៕

អត្ថបទទាក់ទង