រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ជា មានិត បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះពិនិត្យទីតាំង គម្រោងស្នើសុំរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈថ្នាក់ជាតិ កន្លងមក នៅឃុំចំនួន៣ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

  • 718
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស ក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំង សិក្សាគម្រោងស្នើសុំរបស់ប្រជាពលរដ្ឋនៅឃុំចំនួន៣ (ឃុំតាំងក្រសាំង ឃុំក្រាំងស្គារ និងឃុំក្តុលសែនជ័យ) ដើម្បីដោះស្រាយនូវបញ្ហានៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី៣ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសសម្រាប់អនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ។

នៅក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការជួបជុំគ្នានាថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីដោះស្រាយនូវសំណូមពរដែលនៅសេសសល់ នាពេលកន្លងមករបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើឲ្យអង្គវេទិកាសាធារណៈ ក៏ដូចជារាជរដ្ឋាភិបាលជួយដោះស្រាយនូវកង្វល់ ការលំបាក និងតម្រូវការចាំបាច់នានា របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះ បានទាន់ពេលវេលា។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រុមការងារត្រូវដឹកនាំជំរុញ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ឲ្យលើកកម្ពស់ក្នុងការបំពេញការងារស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់។

ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យ សិក្សាគម្រោងស្នើសុំរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំតាំងក្រសាំង ឃុំក្រាំងស្គារ និងឃុំក្តុលសែនជ័យ មានដូចខាងក្រោម៖
(១).ចុះពិនិត្យសំណើរសុំស្តារអាងទឹកទំនប់គង្គារ ១កន្លែង និងជួសជុលកែសម្រួលខ្នងទំនប់គង្គារ ប្រវែង១០៣០ម៉ែត្រ នៅភូមិចាស់ ឃុំតាំងក្រសាំង។
(២).ចុះពិនិត្យសំណើសុំអគ្គីសនីប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិវាលស្បូវ ភូមិត្បែងខ្ពស់ ភូមិថ្មី និងភូមិស្រែអ៊ុក ស្ថិតនៅក្នុងឃុំតាំងក្រសាំង ។
(៣).ចុះពិនិត្យ និងសិក្សាសំណើរ ស្នើសុំស្ពានបេតុង ១កន្លែង ប្រវែង១៥ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ កំពស់៤ម៉ែត្រ ភូមិចាន់ត្រក ឃុំក្រាំងស្គារ។
(៤).ចុះពិនិត្យ និងសិក្សាសំណើរ ស្នើសុំស្ពានបេតុង ១កន្លែង ប្រវែង១៥ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ កំពស់៤ម៉ែត្រ នៅភូមិក្រាំងស្គារ ស្ថិតនៅក្នុងឃុំក្រាំងស្គារ ។
(៥).ចុះពិនិត្យ និងសិក្សានូវសំណើរសុំផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែង១៥៣៤ម៉ែត្រ តភ្ជាប់ពីឃុំតាំងក្រសាំង ស្រុកទឹកផុស ទៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ដោយផ្លូវនេះ ត្រូវឆ្លងកាត់បីឃុំ រួមមាន ឃុំក្តុលសែនជ័យ ឃុំក្រាំងស្គារ និងឃុំតាំងក្រសាំង ។
(៦).ចុះពិនិត្យ និងសិក្សានូវសំណើសុំអគារសិក្សា១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សា តាភន ស្ថិតនៅក្នុងភូមិតាឱស ឃុំក្តុលសែនជ័យ។
និង(៧).ចុះពិនិត្យ និងសិក្សាសំណើរ សុំតំឡើងអង់តែនទូរស័ព្ទ នៅទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យផងដែរ។

គូសបញ្ជាក់ផងដែរថា រាល់សំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើក្រុមការងារបច្ចេកទេសចុះពិនិត្យសិក្សា និងរៀបចំរបាយការណ៍លម្អិតជូន ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យ និងសម្រេច ៕

អត្ថបទទាក់ទង