រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

  • 773
  • ដោយ taravong

កំពង់ឆ្នាំងៈនារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ, ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទចូលរួមចំនួន ៣៣៥អង្គ/នាក់ផងដែរ។

ព្រះអង្គ កែវ មុនី បានមានសង្ឃដីកាបញ្ជាក់អោយដឹងថាៈបុណ្យមាឃបូជា មាន២យ៉ាង ប្រភពទី១ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណិមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឫក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។ ប្រភពទី២ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណិមីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

ក្នុងពិធីនោះមានបួងសួង ដង្ហែក្បូនជុំវិញព្រះវិហារចំនួន៣ជុំនិងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមអោយសន្តិភាពបច្ចុប្បន្នស្ថិតនៅគង់វង្សជារៀងរហូត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។

ឯកឧត្តមបានបន្តទៀតថាៈការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទើបមានការអភិវឌ្ឍ ដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យមាឃបូជាដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យ ប៉ុល ពត ប្រល័យពូជសាសន៍ឯងនិងបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ នាសម័យនោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូប ចង់ចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំឡើយជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្រោមសម័យសន្តិភាព និងអភិវឌ្ឍន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជា ៕

អត្ថបទទាក់ទង