រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រកាសឱ្យដាក់ដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកទឹកផុស

  • 490
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកទឹកផុស ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសឱ្យដាក់ដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីលោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តជាច្រើនរូប។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ៖ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកទឹកផុស នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការធ្វើកំណែទម្រង់វិមជ្ឈការ ទាំងវិមជ្ឈការផ្នែកនយោបាយ វិមជ្ឈការផ្នែករដ្ឋបាល និងវិមជ្ឈការហិរញ្ញវត្ថុ គឺពិតជាមានភាពសាំញ៉ាំ ស្មុគស្មាញ និងរសើបបំផុត ដោយសារតែកំណែទម្រង់ទាំងនេះនាំមកនូវការផ្លាស់ប្តូរផ្នត់គំនិត បែបផែន និងរបៀបរបបបំពេញ ការងារ របស់មន្រ្តី រាជការសាធារណៈនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងការបែងចែកមុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាល សាធារណៈនៅតាមថ្នាក់នីមួយៗ អាស្រ័យលើសមត្ថភាពនៃរដ្ឋបាលនីមួយៗ ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ៖ ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ “កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” រយៈពេល១០ឆ្នាំ (២០១០-២០២០) គិតរហូតមកដល់ពេលនេះ យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះអស់រយៈពេល០៩ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ រួមមានជាអាទិ៍៖
១).ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
២).ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣). ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ
៤). ការរៀបចំប្រព័ន្ធកសាង ផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និង
៥). ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។

គូសបញ្ជាក់ថា នៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៣ ដែលមានចំនួនមន្រ្តីសរុប ១៩.៦១២នាក់ ក្នុងនោះមន្រ្តីរាជការក្របខ័ណ្ឌចំនួន ១៦.០៨៨នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន ៣.៥២៤នាក់ ។ ដោយឡែក មន្ត្រីដែលត្រូវបានប្រកាសក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកទឹកផុសសរុប៤៣នាក់ដែលបានរៀបចំមុខតំណែងថ្មី និងបានមកជួបជុំគ្នាដើម្បីរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនេះ គឺសំដៅបង្កលក្ខណៈឱ្យមន្រ្តី បុគ្គលិកអាចចាប់ផ្តើមដំណើរការបំពេញការងាររបស់ខ្លួនស្របតាមមុខតំណែងដែលបានរៀបចំក្នុងរចនាសម្ព័ន្ធថ្មីនាពេលនេះ។

ជាចុងបញ្ចប់ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលការងារគ្រប់វិស័យរបស់រដ្ឋបាលស្រុក ។ ជាងនេះទៅទៀត ឯកឧត្តមក៏មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីអ្នកមុខអ្នកការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតបន្ទាប់ពីការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកទឹកផុស។ ឯកឧត្តម បានប្រសិទ្ធពរជ័យលោក លោកស្រី អស់លោកទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង