រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធី ប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជលគិរី

  • 522
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២០ នៅរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានរៀបចំពិធី ប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជលគិរី ក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក សរុបចំនួន១១៥ នាក់ ស្រី១១នាក់ ។

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជលគិរី នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖
ទីមួយ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋ មានលទ្ធភាព មានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទីបី៖លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា ៖ ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ “កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” រយៈពេល១០ឆ្នាំ (២០១០-២០២០) គិតរហូតមកដល់ពេលនេះ យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះអស់រយៈពេល០៩ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ រួមមានជាអាទិ៍៖
១).ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
២).ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣). ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ
៤). ការរៀបចំប្រព័ន្ធកសាង ផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និង
៥). ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។

គូសបញ្ជាក់ថា នៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៣ ដែលមានចំនួនមន្រ្តីសរុប ១៩.៦១២នាក់ ក្នុងនោះមន្រ្តីរាជការក្របខ័ណ្ឌចំនួន ១៦.០៨៨នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន ៣.៥២៤នាក់ ។ ដោយឡែក មន្ត្រីដែលត្រូវបានប្រកាសក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកទឹកផុសសរុប២២នាក់ដែលបានរៀបចំមុខតំណែងថ្មី និងបានមកជួបជុំគ្នាដើម្បីរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនេះ គឺសំដៅបង្កលក្ខណៈឱ្យមន្រ្តី បុគ្គលិកអាចចាប់ផ្តើមដំណើរការបំពេញការងាររបស់ខ្លួនស្របតាមមុខតំណែងដែលបានរៀបចំក្នុងរចនាសម្ព័ន្ធថ្មីនាពេលនេះ។

អត្ថបទទាក់ទង