រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំលេខ ០០៩សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

  • 659
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ហេង ពិទូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំលេខ ០០៩សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក កាណុល ចិត្រា ប្រធានរតនាគារខេត្ត លោក ឈឺន ស្រុង នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រីជាអភិបាល អភិបាលរងក្រុង/ស្រុក មន្ត្រីទទួលបន្ទុកការងារហិរញ្ញវត្ថុនៅតាមបណ្ដាមន្ទីរ-អង្គភាព ក្រុង ស្រុក និងមេឃុំ ស្មៀនឃុំ សង្កាត់ក្នុងខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម ហេង ពិទូ អភិបាលរងខេត្ត បានថ្លែងថាៈ ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាស្នូលនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាឧបករណ៍សម្រាប់ផ្សារភ្ជាប់គម្រោងថវិការដ្ឋ ទៅនឹងគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គឺផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រង និងប្រើប្រាស់ធនធានសាធារណៈ តាមរយៈការបង្កើនការទទួលខុសត្រូវ និងគណនេយ្យភាពរបស់ស្ថាប័ន ដែលត្រូវតែអនុវត្តឱ្យខានតែបាន។

ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថាៈ ការផ្សព្វផ្សាយសារាចរណែនាំនៅពេលនេះ គឺស្ថិតក្នុងដំណាក់កាលមួយដ៏មានសារៈសំខាន់បំផុតសម្រាប់បញ្ជ្រាបជំរុញ និងពង្រីកការអនុវត្តសកម្មភាពកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យដល់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។ ជាមួយនេះឯកឧត្ដមបានស្នើដល់បណ្តាមន្ទីរ អង្គភាព ក៏ដូចជា អស់លោក លោកស្រីដែលមានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តការងារ ត្រូវតែលើកកម្ពស់សមត្ថភាព ការយល់ដឹង ការស្វែងយល់ឱ្យបានស៊ីជម្រៅនូវនីតិវិធី និងវិធានទាំងឡាយ ដែលបានចែងក្នុងសារាចរណែនាំនេះ។

ក្នុងឱកាសនោះដែរឯកឧត្ដមសង្ឃឹមជឿជាក់ថាៈ ការផ្សព្វផ្សាយសារាចរនេះ នឹងផ្តល់ឱកាស និងពេលវេលាគ្រប់គ្រាន់សំរាប់ឈ្វេងយល់ ជាពិសេសនឹងទទួលបាននូវការអនុវត្តថវិកាចំណូល ចំណាយ ថវិកាឆ្នាំ២០២០ កាន់តែសុក្រឹត្យគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រាកដ ផ្សារភ្ជាប់ទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានលទ្ធផលជោគជ័យតាមការរំពឹងទុក ៕

អត្ថបទទាក់ទង