រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធរដ្ឋថ្មី នៃសាលា ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 776
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារលាប្អៀរ ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធរដ្ឋថ្មី នៃរដ្ឋបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋ លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍ឱ្យ ដឹងថា៖ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុករលាប្អៀរ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ឯកឧត្តម បានបញ្ជាក់បន្ថែមថាៈ ការធ្វើកំណែទម្រង់វិមជ្ឈការ ទាំងវិមជ្ឈការផ្នែកនយោបាយ វិមជ្ឈការផ្នែករដ្ឋបាល និងវិមជ្ឈការហិរញ្ញវត្ថុ គឺពិតជាមានភាពសាំញ៉ាំ ស្មុគស្មាញ និងរសើបបំផុត ដោយសារតែកំណែទម្រង់ទាំងនេះនាំមកនូវការផ្លាស់ប្តូរផ្នត់គំនិត បែបផែន និងរបៀបរបបបំពេញ ការងារ របស់មន្រ្តី រាជការសាធារណៈនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងការបែងចែកមុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាល សាធារណៈនៅតាមថ្នាក់នីមួយៗ អាស្រ័យលើសមត្ថភាពនៃរដ្ឋបាលនីមួយៗ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បន្តទៀតថា៖ ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ “កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” រយៈពេល១០ឆ្នាំ (២០១០-២០២០) គិតរហូតមកដល់ពេលនេះ យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះអស់រយៈពេល ០៩ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ រួមមានជាអាទិ៍៖១).ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ២).ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣). ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ៤). ការរៀបចំប្រព័ន្ធកសាង ផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និង៥). ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ហើយនៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៣ ដែលមានចំនួនមន្រ្តីសរុប ១៩.៦១២នាក់ ក្នុងនោះមន្រ្តីរាជការក្របខ័ណ្ឌចំនួន ១៦.០៨៨នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន ៣.៥២៤នាក់ ។ ដោយឡែក មន្ត្រីដែល ត្រូវ បាន ប្រកាស ក្នុង រចនា សម្ព័ន្ធ ថ្មី នៃសាលាក្រុង កំពង់ឆ្នាំង សរុប
៧៤នាក់។

ជាចុងបញ្ចប់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការណែនាំនូវកិច្ចការចាំបាច់មួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តរួមមាន ៖ ១-ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ២-ការគ្រប់គ្រងបុគ្គលិក ៣-ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ ៤-ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ ៥-ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ៦- អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៧- អំពីកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៕

អត្ថបទទាក់ទង