រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំងរៀបចំពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០

  • 598
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅតារាងបាល់ទាត់ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០។ ដែលពិធីបិទការប្រកួតកីឡានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ប្រតិភូកីឡាក្រុង/ស្រុក កីឡាករ កីឡាការិនី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ច មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំប្រតិភូកីឡាក្រុង/ស្រុក ដែលបានសហការគ្នារៀបចំការប្រកួតដោយទទួលបានលទ្ធផលល្អ និងប្រព្រឹត្តទៅយ៉ាងរលូនស្របតាមកម្មវិធីដែលបានគ្រោងទុកបាន។ បន្ថែមពីនោះ លោកជំទាវ ក៏បានថ្លែងនូវការកោតសរសើរចំពោះកីឡាករ កីឡាការិនី ដែលបានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង ការស្នាក់នៅមានវិន័យ សេចក្ដីថ្លៃថ្នូរដោយមិនមានបង្កបញ្ហាផ្សេងៗរហូតធ្វើឲ្យការប្រកួតនេះទទួលបានដំណើរការល្អ។ លោកជំទាវអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ជាពិសេសគួរយកពេលវេលាលេងកីឡា ប្រសើរជាងយកពេលវេលាទៅប្រើប្រាស់មិនបានត្រឹមត្រូវ ឬប្រព្រឹត្តអបាយមុខផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាលដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំយកថវិកាមួយចំនួនរបស់ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តជូនដល់គណៈកម្មការរៀបចំការប្រកួតកីឡា និងបានប្រគល់លិខិតថ្លែងអំណរគុណដល់សមត្ថកិច្ច មន្ទីរពាក់ព័ន្ធ ដែលបានសហការរៀបចំការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០ ទទួលបានជោគជ័យ ព្រមទាំងបានជូនប័ណ្ណសរសើរដល់ប្រតិភូកីឡាក្រុង ស្រុកទាំង៨ និងប្រគល់ពានរង្វាន់ជ័យលាភី៏ជូនដល់កីឡាករ កីឡាការិនីសិស្សបឋមសិក្សា និងមធ្យមសិក្សាដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣គ្រប់វិញ្ញាសារការប្រកួតផងដែរ។

គូសបញ្ជាក់ដែរថា៖ ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០នេះ គឺមានចែកចេញជាផ្នែក បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងបេតុង ។

អត្ថបទទាក់ទង