រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តសំបួរមាស ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 740
  • ដោយ taravong

 ព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុងវត្តសំបួរមាសតម្លៃខ្ទង់ម៉ឺនដុល្លារ ក្នុងភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់កាល ពីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នា២០២០ ក្រោមអធិបតីលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រី សប្បុរសជនជិតឆ្ងាយ លោកយាយា លោកតា និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក អ៊ុក រ៉ាប៊ុន បានថ្លែងថា កាលពីអតីតកាលប្រទេសជាតិយើងស្ថិតនៅក្នុងសង្គ្រាម ទាំងព្រះសង្ឃ ទាំងប្រជាពលរដ្ឋ គ្មានសិទ្ធិសេរីភាពគោរពប្រតិបត្តិសាសនាអ្វីទាំងអស់។ ប៉ុន្តែនាពេល បច្ចុប្បន្ន ព្រះសង្ឃ និងប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ឱកាសគោរពប្រតិបត្តិសាសនាផ្សេងៗ មានឱកាសទទួលបានការអប់រំ ការកសាងអំពើល្អ ថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិ។

លោកបានបន្តថា ការដែលយើងបានកសាងសមិទ្ធផលទាំងនេះ គឺកើតមកពីទឹកចិត្តចូលរួម ពីប្រជាពលរដ្ឋសប្បុរសជន ជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេស និងដើម្បីប្រជាពលរដ្ឋរស់នៅក្នុង សុខសន្តិភាព សេរីភាពសីលធម៌ គុណធម៌ គោរពប្រតិបត្តិនៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា យើងមាន អ្វីៗដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាព យើងរក្សាបានសិទ្ធិសេរីភាព យើងមានប្រមុខរាជរដ្ឋាភិបាលដែលបាន បង្រួបបង្រួមជាតិ ដឹកនាំប្រទេសមានការអភិវឌ្ឍប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ជីវភាពមានការផ្លាស់ប្តូររីកចម្រើនជាបន្តបន្ទាប់។

លោកបានបន្តទៀតថា នេះដោយរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងធ្វើ ហើយប្រជាពលរដ្ឋមានចិត្ត ចូលរួមធ្វើទោះ បានតិចបានច្រើនល្អជាងអ្នក មិនដែលធ្វើ អ្វីសោះចាំតែរិះគន់។ ការដឹកនាំ របស់សម្តេចតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងការខិតខំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបម្រើប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព និងជីវភាពធូរធា។ ដូច្នេះយើងផ្តល់តម្លៃ និងលទ្ធផល ដល់អ្នកដែលខិតខំធ្វើដើម្បីប្រជាពលរដ្ឋ។

លោក អ៊ុក រ៉ាប៊ុន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានជ្រើសរើសគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋលើកស្ទួយ កម្រិតជីវភាពប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករ ហើយយើងទាំងអស់គ្នាមាន សេរីភាពរស់នៅក្នុងសុខសន្តិភាព។ យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាពឱ្យបានគង់វង្ស៕


អត្ថបទទាក់ទង