រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រោសប្រទានដល់ប្រជារាស្ត្រ ៥៩គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសាមគ្គីមានជ័យ

  • 595
  • ដោយ taravong

ថ្នាក់ដឹកនាំ ខេត្ត អមដំណើរសម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រោសប្រទានដល់ប្រជារាស្ត្រ ៥៩គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសាមគ្គីមានជ័យ
រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចចៅហ្វាវាំងវរៈវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសប្រទានដល់ប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូល និងរលំផ្ទះចំនួន ៥៩ខ្នង ស្ថិតនៅក្នុងឃុំពាម និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដើម្បីសម្រាលទុក្ខលំបាកក្នុងគ្រាអាសន្ន។

សម្ដេចចៅហ្វាវាំង បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខដល់បងប្អូនកូនចៅទាំងអស់ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ តាមរយៈការទទួលបានដំណឹងដ៏សែនសោកសៅពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចចៅហ្វាវាំងក៏បានណែនាំនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាការពារខ្លួន ក្រុមគ្រួសារពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដែលកំពុងតែយាយីពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ មិនត្រឹមតែការពារខ្លួនពីជំងឺកូវីដ១៩នោះទេ គឺត្រូវរស់នៅដោយមានអនាម័យជាប្រចាំ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវការពារខ្លួនពីបាតុភូតធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្រ្តាក់ ជាដើម។

អញ្ជើញចូលរួមក្នុងឱកាសនោះដែរ រួមមាន ឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង, ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ និងអាជ្ញាធរមូលដ្ឋាន។

ព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្រាប់គ្រួសារនីមួយៗទទួលបានរួមមាន៖
- គ្រួសាររលំផ្ទះ ទទួលបាន អង្ករ ០២ បាវ ស្មើនឹង ១០០ គ.ក ,មី ០២ កេស,ឃីត ០២កញ្ចប់ (មុង ០១,ក្រមា ០១,សារុង ០១ ,ភួយ ០១) ត្រីខ ២០កំប៉ុង កៅស៊ូតង់(៤មx៦ម) ០២ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ចំនួន ០២ ,ថវិកា ៨០០,០០០រៀល។

  • គ្រួសាររបើកដំបូល ជញ្ជាំងផ្ទះ ទទួលបាន អង្ករ ០២ បាវ ស្មើនឹង ១០០ គ.ក ,មី ០២ កេស,ឃីត ០២កញ្ចប់ (មុង ០១,ក្រមា ០១,សារុង ០១ ,ភួយ ០១) ត្រីខ ២០កំប៉ុង កៅស៊ូតង់(៤មx៦ម) ០២ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ចំនួន ០២ ,ថវិកា ៤០០,០០០រៀល។

អត្ថបទទាក់ទង