រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ

  • 285
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាមគ្គីមានជ័យ រួមជាមួយមន្រ្តីអនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងស្រុងចំនួន ១គ្រួសារ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងមក។ ម្ចាស់ផ្ទះមានឈ្មោះ រ៉េត ផល អាយុ ២៤ឆ្នាំ និងកូនក្នុងបន្ទុក ០១នាក់ ផ្ទះឆេះមានទំហំ ៤ម x ៤ម រួមជាមួយសម្ភារ ថវិកា មួយចំនួនទៀត មូលហេតុដោយសារផ្ទុះផ្ទាំងសូឡាពន្លឺព្រះអាទិត្យ។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានសម្ដែងនូវការចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុដែលនឹកស្មានមិនដល់នេះ ក្នុងខណៈដែលបងប្អូនកំពុងជួបប្រទះនូវបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងវិបត្តិកូវីដ ១៩ ដែលកំពុងតែយាយីពិភពលោកទាំងមូល។ ម្យ៉ាងទៀត លោកប្រធាន ក៏បានពាំនាំប្រសាសន៍ចូលរួមសួរសុខទុក្ខ និងសោកស្ដាយពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាខេត្តកំពង់ឆ្នាំង ,ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាខេត្ត ជាមួយគ្រួសារដែលរងគ្រោះដោយអគ្គីភ័យបានឆេះផ្ទះទាំងស្រុង បន្សល់ទុកនៅក្ដីសោកស្ដាយ និងការបាត់បង់។

លោកប្រធាន ក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះត្រូវខិតខំប្រឹងប្រែងបង្កើតជីវភាពរបស់ខ្លួន និងប្រុងប្រយ័ត្នជានិច្ច។ ជាមួយគ្នានេះ លោកប្រធានក៏បានអំពាវនាវ សូមឱ្យមានការប្រុងប្រយ័ត្ន រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសពីជំងឺកូវីដ ១៩ ដែលកំពុងតែបង្កហានិភ័យដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។

អំណោយដែលអនុសាខានាំមកជូននាឱកាសនោះរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ០១កេស ,ត្រីខ ០១យួរ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៊ីវ ០យួរ ,តង់ធំ ០១ ,កន្ទេលជ័រ ០១ ,ឆ្នាំងបាយ ០១ ,ឆ្នាំងសម្ល ០១ ,ចានបាយ ០៥ ,ចានសម្ល ០២ ,ស្លាបព្រា ០១ឡូ ,ឃីត ០១កញ្ចប់ (ភួយ ០១, មុង ០១, ក្រមា ០១, សារុង ០១ ) និងថវិកា ៥០,០០០រៀល ៕

អត្ថបទទាក់ទង